អត្ថបទសិក្សាព្រះគម្ពីរ
Scripture: John 8:2-11, យ៉ូហាន ៨៖២- ១១
ការកាត់ទោសស្រ្ដីផិតក្បត់
២ ដល់ព្រលឹមឡើង ទ្រង់យាងត្រឡប់ទៅក្នុងព្រះវិហារ ហើយបណ្តាជនក៏មកឯទ្រង់ នោះទ្រង់គង់ចុះបង្រៀនគេ ៣ រួចពួកអាចារ្យ និងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា ៤ លោកគ្រូ ស្ត្រីនេះគេចាប់បាន កំពុងដែលសហាយស្មន់នឹងគ្នា ៥ រីឯក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច ៦ គេទូលដូច្នោះ ដើម្បីនឹងល្បងលទ្រង់ទេ ប្រយោជន៍ឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែព្រះយេស៊ូវទ្រង់ឱនទៅសរសេរនៅដី ដោយព្រះអង្គុលីវិញ ៧ តែដោយព្រោះគេចេះតែសួរ បានជាទ្រង់ងើបឡើង មានព្រះបន្ទូលថា អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ ៨ រួចទ្រង់ក៏ឱនសរសេរនៅដីម្តងទៀត ៩ កាលបានឮពាក្យទាំងនោះ ហើយបញ្ញាចិត្តគេ បានចោទប្រកាន់ទោសខ្លួន នោះគេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ ដរាបដល់អ្នកក្រោយបង្អស់ សល់នៅតែព្រះយេស៊ូវ និងស្ត្រីនោះ ដែលនៅចំពោះទ្រង់ប៉ុណ្ណោះ ១០ ព្រះយេស៊ូវងើបឡើងវិញ ឃើញតែស្ត្រីនោះ ក៏មានព្រះបន្ទូលទៅថា នាងអើយ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី ១១ នាងទូលឆ្លើយថា គ្មានទេ លោកម្ចាស់ រួចព្រះយេស៊ូវមានព្រះបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។
ក- ពិនិត្យអត្ថបទ និង ពន្យល់អត្ថន័យ៖
- នៅក្នុងខ៣ ដល់ ៥ ៖ ៣ រួចពួកអាចារ្យ និងពួកផារិស៊ី គេនាំស្ត្រីម្នាក់ ដែលបានទាន់នៅដំណេកមកឯទ្រង់ កាលគេដាក់ស្ត្រីនោះ នៅកណ្តាលជំនុំហើយ នោះក៏ទូលថា ៤ លោកគ្រូ ស្ត្រីនេះគេចាប់បាន កំពុងដែលសហាយស្មន់នឹងគ្នា ៥ រីឯក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ ឲ្យយើងខ្ញុំចោលស្ត្រីយ៉ាងនេះនឹងថ្ម ដូច្នេះ តើលោកគិតដូចម្តេច
- សួរថា ហេតុដូចម្ដេច បានជាពួកអាចារ្យ និងពួកផារិស៊ី ចេះតែមករករឿង ព្រះយេស៊ូវ? ចម្លើយគឺថា ព័ន្ធកិច្ចរបស់ព្រះយេស៊ូវ បានទាក់ចិត្ដមនុស្សជាច្រើន ឱ្យជឿហើយដើរតាមទ្រង់ ដែលបណ្ដាលឱ្យពួកផារិស៊ី និងពួកអាចារ្យ បាក់មុខ និងចុះប្រជាប្រិយភាព យ៉ាងច្រើន ហេតុនេះហើយបានជា ពួកនេះច្រណែន ហើយតែងតែរករឿងមកផ្ចាញ់ផ្ចាលទ្រង់។
- សំនួរមួយទៀត តែងតែសួរថា ឯណាមនុស្សប្រុស? ម្ដេចក៏ចាប់បានតែមនុស្សស្រី? សាច់រឿងក្នុងព្រះគម្ពីរ មិនបានបញ្ជាក់ពីការនេះទេ ប្រហែលជាមនុស្សប្រុសរត់លឿនរួចខ្លួន ក៏មិនដឹងដែរ ប៉ុន្ដែក៏ហាក់ដូចជាមិនសំខាន់ ក្នុងរឿងនេះដែរទេ។
- ក្នុងខ៥, ពួកអាចារ្យបានលើកយកក្រិតវិន័យរបស់ លោកម៉ូសេ មកចោទឆ្លើយនិងទ្រង់ ដោយគេសង្ឈឹមថា ព្រះយេស៊ូវនឹងកាត់ទោស សម្លាប់ស្រ្ដីនេះទៅតាមក្រិតវិន័យ លោកម៉ូសេជាមិនខាន បើដូច្នោះមែន ពេលនោះ គេអាចនឹងចោទទ្រង់ថា ទ្រង់ខ្វះសេចក្ដីស្រឡាញ់ ទ្រង់មកកាត់ទោស ដែលខុសនឹងព្រះបន្ទូលទ្រង់ ដែលថា ទ្រង់មិនមកដើម្បី កាត់ទោសអ្នកណាទេ ដូច្នេះហើយ បានជាគេចេះតែ សង្ខើញឱ្យទ្រង់ឆ្លើយ។
- ទ្រង់សរសេរលើដី ដោយចង្អុលដៃ ដោយមិនទាន់ឆ្លើយ និងសំនួររបស់គេ យើងឥតដឹង ថាទ្រង់សរសេរថាអ្វីទេ ម្យ៉ាងទៀតទ្រង់មិនមែនកំពុងគិតទេ ព្រោះទ្រង់ជាព្រះ ទ្រង់ពុំដែលគិត មុននឹងធ្វើអ្វីមួយនោះទេ តែទ្រង់ចាំឱ្យគេជំរុញទ្រង់ កាន់តែខ្លាំងវិញ ទើបទ្រង់ឆ្លើយ នៅខ៧ ‹ ទ្រង់មានព្រះបន្ទូលថា អ្នកណាដែល គ្មានបាបសោះ ចូរឲ្យអ្នកនោះ ចោលនាងនឹងថ្ម ជាមុនគេចុះ› ហើយទ្រង់ បន្ដសរសេរ នៅដីទៀត ដើម្បីទុកពេលវេលា ឱ្យគេបានគិត សម្រេចចិត្ដ ។
- បើយើងពិនិត្យមើល ចម្លើយរបស់ទ្រង់ នៅខ៧នេះ បើប្រាជ្ញារបស់មនុស្ស រកនឹកមិនឃើញទេ ចម្លើយនេះ គឺទ្រង់មិនបាន កាត់ទោសស្ដ្រីនោះ ដោយខ្លួនទ្រង់ទេ តែអនុញ្ញាតឱ្យគេ ធ្វើតាមសំណូមពរ របស់គេទៅតាម ក្រិតវិន័យវិញគឺ ‹ប្រសិនបើអ្នកណា ឥតមានបាបសោះ› ដូច្នេះទ្រង់បានដាក់ល័ក្ខខ័ណ្ឌឱ្យគេ គឺ “អ្នកណាដែលឥតមានបាបសោះ” ។ តើអ្នកណាមួយ ដែលឥតមានបាប សោះនោះ? សំនួរនេះមិនមែនសួរតែ ពួកអាចារ្យ គឺបានឮដល់ពួកយើង ដែលបានអានអត្ថបទគម្ពីរ នេះដែរ ហើយចម្លើយគឺមានតែមួយដូចគ្នាថា ‹អ្នកណាក៏មានបាបដែរ› ដូច្នេះហេតុដូចម្តេច បានជាមនុស្សចង់តែកាត់ទោសគេ តើយើងមិនត្រូវកាត់ទោស ខ្លួនឯងជាមុនសិនទេឬអី?
- ក្នុងខ១០ ព្រះយេស៊ូវ មានព្រះបន្ទូលសួរនាងថា ‹គ្មានអ្នកណាកាត់ទោសនាងទេឬ?
- នឹងក្នុងខ១១ ទ្រង់បានប្រាប់នាងថា ‹ ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។› នេះជា ខគន្លិះ គឺទ្រង់មិនកាត់ទោសនាងទេ តែកុំធ្វើបាប ទៀត។
ខ- ការអនុវត្ដព្រះបន្ទូលនេះជាប្រយោជន៍៖
អត្ថបទព្រះបន្ទូលនេះ បានបង្រៀនយើង ពីរចំណុចសំខាន់គឺ
- កុំឱ្យយើងចង់តែកាត់ទោសគេ ព្រោះយើងក៏មានបានដែរ។ ការសម្លឹង ពិនិត្យមើលកំហុសខ្លួនឯង បានជួយឱ្យខ្លួនយើង អាចសម្រាលទោសឱ្យគេ បើយើងរៀនបន្ថែមព្រះបន្ទូល បន្ដិចទៀត នោះយើងអាចអត់ទោស ឱ្យគេដោយត្រជាក់ចិត្ដបាន។
- ចំណុចទីពីរ បើយើងបានធ្វើបាបហើយ ឱ្យគេកាត់ទោសយើងចុះ កុំតនឹងគេ។ ប្រសិនបើ គេអត់ទោសឱ្យយើងហើយ ព្រះក៏បានអត់ទោសឱ្យយើងម្ដងហើយ ចូរកុំប្រព្រឹត្ដបាបទៀត គឺចង់និយាយអំពី អំពើបាបជាទូទៅ នមែននិយាយតែអំពីបាប ដដែលនោះទេ។
សង្ឃឹមថាព្រះបន្ទូលនេះ នឹងកំសាន្ត បងប្អូន ដើម្បីរៀនអត់ទោសឱ្យគេផង និងឈប់ប្រព្រឹត្ដបាបខ្លួនឯងផងដែរ។ អ្នកដែលកាត់ទោសគេ នោះនឹងត្រូវជាប់ទោសខ្លួនឯងវិញ មានតែច្បាប់ ហើយនឹងព្រះទេ ដែលអាចកាត់ទោសមនុស្សបាន។
សូមព្រះទ្រង់ប្រទានពរដល់បងប្អូនជាបរិបូរ។