Scripture: Matthew. 7:15-23, ម៉ាថាយ ៧៖១៥-២៣
សត្វចចកពាក់ស្បែកចៀម
សត្វចចកជាសត្វ ដែលមានឈ្មោះល្បីខាងខូច ក្នុងវប្បអក្សរសីល្ប ជាច្រើនបាន យកសត្វអង្គនេះ ជានិមិត្ដិរូប ដំណាងមនុស្សខូចអាក្រក់ ដែលមាន ល្បិចកិច្ចកល ពុតត្បុត។ លោក ឡាហ្វង់តែន ជាអ្នកនិពន្ធជាតិបារាំងមា្នក់ គាត់បានសរសេរ រឿងគតិលោកខ្លីៗជាច្រើន ស្ដីអំពីសត្វចចកនេះ។ មានរឿងមួយ និទាន អំពីមាន់ឈ្មោលនិងសត្វចចក៖ មានមាន់ឈ្នោលមួយ កំពុងបណ្ដើរញី នៅក្បែរគំនរចំបើង ពេលនោះមានចចកមួយ បានឃើញមាន់នោះ វាមានចិត្ដចង់ស៊ីមាន់ នោះណាស់ តែវាមិនដេញខាំភ្លាមទេ តែវាបានពោលពាក្យ ផ្អែមស្រទន់ទៅកាន់មាន់ឈ្នោលថា នែ បងមាន់ រាងបងឯងក៏សង្ហារម្លេះ ហើយមានមេ បណ្ដើរច្រើនផង ចំណែកឯរោមបងឯង ម្ដេចក៏ភ្លឺផ្លេកៗ ចាំងល្អអីម្លេះ មាន់ឈ្នោលក៏ដកករ ឡើងជោរបន្ដិច ក៏លោតឡើង ទំលើបង្គងមួយ នៅក្បែរនោះ ហើយក៏ស្រែករងាវឡើង យ៉ាងវែង គ្រលួច។ ចចកបន្ដរនិយាយសរសើរថា សម្លេងបងក៏ ពិរោះទៀត បើបងរងាវបិទភ្នែកវិញ មិនដឹងជាពិរោះយ៉ាងណាទេ មាន់បានឮ គេសរសើរ ក៏ខំស្រែករងាវម្ដងទៀត ដោយបិតភ្នែកម្ខាង ចចកវាស្រែកសរសើរ ដោយអំណរ ពិរោះណាស់ៗ បើបង រងាវបិទភ្នែកទាំងពីរវិញ បា្រកដជាពិរោះជាងនេះទៅទៀត មាន់ឮដូច្នោះ ក៏បិទភ្នែកទាំងពីរហើយខំ ស្រែករងាវ ឱ្យរឹតតែវែងជាងមុន ចចកបានឱកាស ក៏លោតត្របាក់កមាន់ ហើយពាំចូលព្រៃបាត់ទៅ…។
ចំណែកឯព្រះយេស៊ូវ ទ្រង់តែងតែ បង្រៀនមនុស្សឱ្យចេះ ស្រឡាញ់គ្នា សូម្បីតែសត្រូវ របស់ខ្លួន ក៏ដោយ ប៉ុន្ដែទ្រង់បែរជាប្រមាន ឱ្យប្រយ័ត្ន ចំពោះសត្វចចក ពាក់ស្បែកចៀមនេះវិញ គឺសំដៅទៅលើគ្រូក្លែងក្លាយ ជាមនុស្សបន្លំខ្លួន ចូលមក ក្នុងសង្គមអ្នកជឿដើម្បី កេងរកប្រយោជន៍ផ្ទាល់ខ្លួនវិញ។ ក្នុងព្រះគម្ពីរម៉ាថាយ ៧៖១៥, ‹ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ ›។
ដូច្នេះការនេះ បា្រកដជាការសំខាន់ ដែលយើងត្រូវ តែស្វែងយល់អំពីការនេះឱ្យបានយល់ច្បាស់លាស់។
ជាដំបូងយើងគួរ ស្វែងយល់អំពី ចរិតលក្ខណៈ របស់សត្វចចក ក្នុងរឿងខាងលើ បន្ដិចសិន៖
- ១- វាឆ្លាតចេះមើលកាលៈទេសៈ វាមិនមកដេញចាប់មាន់ស៊ីតែម្ដងទេ ព្រោះមាន់វអាចរត់ ឬហើររួចដោយងាយ
- ២- វាចេះនិយាយសរសើរ លើកជើង បញ្ជោរ ធ្វើឱគេចូលចិត្ដ ស្រឡាញ់វា
- ៣- វាចេះអត់ធ្មត់ ចាំទាល់តែគេទុកចិត្ដ នឹងវាសិន រហូតដល់មានឱកាស ទើបធ្វើការនោះឱ្យបានសម្រេច។
បើចចកក្នុងក្រុមជំនុំវិញ វាមកដោយពាក់រោមចៀម ហើយវារៀនធ្វើសម្លេងវាដូចជាចៀម វាចូលមកដោយបន្លំខ្លួន ជាចៀមដូចពួកក្រុមជំនុំដែរ ដូច្នេះទាំងអ្នកគង្វាល ទាំងកូនចៀម ប្រាកដជានាំគ្នាច្រឡំ ហើយស្រឡាញ់វាទាំងអស់គ្នា។ ការល្អដែលយើងចាត់ឱ្យវាធ្វើ នោះវាយកការនោះជាគុណបំណាច់ សំរាប់ផ្ទាល់ខ្លួនវា ហើយវាខ្សិបខ្សៀវ បញ្ចុះបញ្ចូលចៀម ដទៃទៀតឱ្យ វង្វេង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនវា បើអ្នកគង្វាលសង្ស័យថាវាជាចចក ហើយសាកវ៉ៃវា ចៀមដទៃខឹង អន់ចិត្ដនិងយើងជាអ្នកគង្វាលវិញ បើយើងមិនបានចាត់ការ ឱ្យទាន់ពេលទេ នោះវានឹង មានឱកាស បង្កើតជាក្រុមផ្ទៃក្នុង ដើម្បីខាំអ្នកគង្វាល ដែលគ្មានអ្នកណាជួយទេ ព្រោះកូនចៀមយើងនោះ វាស្រឡាញ់ ចចកក្លែងខ្លួននោះជាងអ្នកគង្វាលរបស់គេហើយ ព្រោះចចកនេះវាឆ្លាត ហើយពូកែនាំដើរលេង បញ្ចុកបន្ស៊ី ផ្នែកសាច់ឈាម ជាងអ្នកគង្វាល ដែលអ្នកគង្វាលភាគច្រើន មិនសូវយកចិត្ដទុកដាក់ លួងលោមកូនចៀម ផ្នែកសាច់ឈាមទេ នេះជាគ្រោះថា្នក់ធំ មិនសំរាប់តែគ្រូគង្វាលទេ តែសំរាប់ក្រុមជំនុំ ទាំងមូលរបស់ព្រះផងដែរ។ សូមបងប្អូនអានព្រះគម្ពីរ ម៉ាថាយ ៧៖១៥-២១
១៥ ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេជាឆ្កែចចកដែលឆ្មក់ស៊ីវិញ១៦ អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើតតើដែលបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដំបងយក្សឬទេ១៧ ដូចេ្នះ អស់ទាំងដើមឈើល្អតែងមានផ្លែល្អ ឯដើមឈើអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ១៨ ធម្មតាដើមឈើល្អមិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ក៏ពុំអាចបញ្ចេញផលល្អបានដែរ១៩ អស់ទាំងដើមឈើណា ដែលមិនកើតផលផ្លែល្អនោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ២០ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបានគឺដោយសារផលគេបង្កើត។២១ មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថាឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេគឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌វិញទេតើ២២ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថាឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើនដោយនៅព្រះនាមទ្រង់ទេឬអី២៣ នោះខ្ញុំនឹងនិយាយដោយត្រង់ថាអញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយចូរថយចេញពីអញទៅ។
ពិនិត្យពាក្យនិងអត្ថន័យ៖
ក្នុង ខ១៥, គ្រូក្លែងក្លាយ សំដៅទៅលើ គ្រូគង្វាល ឬគ្រូបង្រៀន ដែលមិនមែន ជាគ្រិស្ទានពិតប្រាកដ, គឺគេធ្វើដើម្បីផលកម្រៃជាលុយកាក់ ឬផលប្រយោជន៏ដទៃទៀត ដូចជាឋានៈខ្ពស់ មុខមាត់ ឬជាឱកាសដើម្បីអ្វីផ្សេងទៀត។ ក្នុងកាលៈទេសៈខ្លះ ចចកនេះវាចូលមក ជាកូនចចកសិន ក៏មានដែរ។
ក្នុងខ១៦-២០, ដើម្បីស្គាល់ដើមឈើ គឺឱ្យមើលផ្លែ ឬផលដែលគេបង្កើតនោះ គឺសំដៅទៅលើ ផលផ្លែនៃព្រះវិញ្ញាណ មិនមែនសំដៅលើ ផលនៃពន្ធកិច្ចទេ ព្រោះគេអាចបង្កើត ឬបង្កើនផល ជាចំនួនដែលភ្នែក មើលឃើញបានដែរ ព្រោះគេបានកំរៃពីការនោះ។ តើបងប្អូនគិតថា ព្រះវិហារធំៗ (ជាពិសេសនៅក្នុងប្រទេសធំៗដូចជាសហរដ្ឋជាដើម) ដែលមានមនុស្សច្រើន កកកុញនោះជាផលដែលគេបានបង្កើត សម្រាប់ចូលនគរព្រះ ប្រាកដជាមិនទាំងអស់ទេ ជួនកាលគ្រាន់តែជាការ មនុស្សខ្វាក់ ដឹកមនុស្សខ្វាក់ទេ ជួនកាលគេ ទាំងអស់គ្នាអត់ដឹងថា គេទៅណាផង។ បងប្អូនអើយ គ្រូគង្វាលមួយចំនួន គេធ្វើដើម្បីគ្រាន់តែជាមុខ របរប្រចាំជីវិតគេទេ ព្រោះបៀវត្ដន៍គេច្រើនៗណាស់។
ក្នុងខ១៦, ផលផ្លែល្អគឺផ្លែទំពាំងបាយជូរ ព្រោះព្រះទ្រង់ដាំដើមទំពាំងបាយជូរ គឺជាផ្លែម្យ៉ាងដែលមិនចេះរលួយ បើទុកយូរសុខចិត្តស្វិត ស្ងួត ហើយរឹតតែមានជាតិផ្អែមឡើង បើគៀបទឹកទុក កាន់តែយូរកាន់តែល្អ កាន់តែមានតម្លៃ ស្រាទំពាំងបាយជូរ ដែលល្អគឺស្រា ដែលបានទុកយូរ មកហើយ ដូច្នេះផលនៃព្រះវិញ្ញានជាផល ដែលនៅអស់កល្ប ជានិច្ច។
ហេតុដូចម្ដេចបានជាព្រះអម្ចាស់បង្រៀនយើងឱ្យស្គាល់អំពីផលផ្លែ? គឹទ្រង់ចង់ឱ្យយើងស្គាល់អំពីអ្នកបង្រៀនយើង តើគេជាគ្រូមកពីព្រះពិតប្រាកដឬទេ? ព្រោះផលផ្លែគេមិនអាច ក្លែងបន្លំបានទេ ដើម្បីបង្កើតផលពិតបា្រកដសម្រាប់ស្ថានសួគ៍ ជាពិសេស គឺក្នុងក្រុមជំនុំ របស់យើងម្នាក់ៗ ថាតើគ្រូគង្វាលយើង ជាគ្រូពិតប្រាកដ ឬទេ? បងប្អូនត្រូវរៀនមើល ព្រោះចៀមពិតបា្រកដ វាខុសពីចចក ដែលគ្រាន់តែពាក់ស្បែកចៀម បើបងប្អូនពនិត្យ ដោយយកចិត្ដទុកដាក់ ទៅលើចំណុចសំខាន់ គឺចចកជាសត្វសាហាវ ស៊ីសាច់ជាអាហារ វាមិនមែនស៊ីស្មៅដូចចៀមទេ បើឃើញវាស៊ីស្មៅ គឺវាគ្រាន់តែ ធ្វើជាស៊ីទៅ ដើម្បីបន្លំភ្នែកចៀមទេ ត្រូវចាំថា គេជាមនុស្សមានល្បិចខ្ពស់ តែមានពេលខ្លះ គេភ្លាត់ចំណាប់ដែរ ជាពិសេសនៅពេលស្ងាត់ ដាច់ពីហ្វូង ចៀម។ ចំណុចខ្សោយរបស់វាគេគឺ៖
- ដោយព្រោះគេ មិនមែនជាអ្នកមានជំនឿ គេមិនចេះសរសើរដំកើងព្រះទេ គេគ្មានទីបន្ទាល់ពីព្រះទេ ត្រូវប្រយ័ត្នក្រែងគេធ្វើក្លែងបន្លំ ដូចជាការអធិស្ឋានរបស់គេដែរ ព្រោះគេបានហាត់រៀន បន្លំជាចៀម គេជាមនុស្សឆ្លាតខាងកុហក តែគេឥតចេះធ្វើពីក្នុងចិត្ដគេទេ។
- គេជាមនុស្សលោភលន់ គិតតែកម្រៃ ចំណេញទេ គេមិនសូវចេះខ្មះអៀន នឹងរង្វាន់ ឬកម្រៃទេ គេរិះថាប់ណាស់ សំរាប់កិច្ចការរបស់ព្រះ។
- គេជាមនុស្សយកមុខមាត់ គេចំណាយលុយកាក់ខ្លះសំរាប់មុខមាត់ បើមានឱកាសសំរាប់មុខមាត់ គេធ្វើឥតមានការខ្មាសអៀនទេ គេចូលចិត្ដតែអង្គុយជិត អ្នកធំមានមុខមាត់។
- គេចេះយកចិត្ដអ្នកណា ដែលគេសម្លឹងឃើញថា មានប្រយោជន៍ ឬបានមុខមាត់ នឹងអស់អ្នកណាដែលសង្ស័យ ឬនិយាយមិនស្របនិងគេ ដើម្បីបំបិតមាត់អ្នកនោះ។
- គេជាមនុស្សមានអំនួត, ស្អីក៏គេចេះដែរ កុហកឱ្យតែបានមុខមាត់ កុំឱ្យអន់ជាងគេ។
- គេជាមនុស្សក្រឡិចក្រឡុច មានពុធណាស់ និយាយដេញជើង មិនទាន់ទេ។
បងប្អូនអើយ មនុស្សជំពូកនេះ នៅក្នុងក្រុមជំនុំ សាសន៍ណា ក៏មានដែរ ដូច្នេះហើយបានជាព្រះបន្ទូល បង្រៀនឱ្យយើងស្គាល់ មិនមែនដើម្បីទិះទៀន ឬកាត់ទោសគេទេ តែឱ្យយើងប្រយ័ត្នវិញ ព្រោះវាជាគ្រោះថ្នាក់ធំ ដល់ព្រលឹងមនុស្ស ឬដល់ព្រលឹងយើងផង ក៏ថាបាន។ មនុស្សដែលមានលក្ខណៈ បែបនេះ គឺអារក្សទេ ដែលប្រើគេដើម្បី កាត់បន្ដយផលពីនគរព្រះ។
បើយើងសួរថា ហេតុដូចម្ដេច បានជាព្រះមិនជួយយើង ក្នុងរឿងនេះ ម៉េចក៏ចាំបាច់ឱ្យយើង ប្រយ័ត្នដោយខ្លួនឯងទៅវិញ? ព្រះទ្រង់ជាអ្នកបង្រៀនយើង ឱ្យដើរក្នុងសេចក្ដីសុចរិត ទ្រង់បង្កើតក្រិតក្រម គូសផ្លូវ ហើយបំភ្លឺ ឱ្យយើងដើរដោយខ្លួនឯង តែទ្រង់នៅតែសម្លឹងមើលយើងជានិច្ច។ ជួនកាលយើងពិបាកយល់ អំពីព្រះហឬទ័យព្រះណាស់ ទ្រង់បានបណ្តោយ ឱ្យស្ដេច ដាវីឌ ជាស្ដេចសំណប់ចិត្ដ របស់ទ្រង់ ប្រព្រឹត្ដអំពើរបាប ដ៏អាក្រក់លាមកបំផុត តែទ្រង់ឥតបានដាស់តឿន ឬបញ្ឈប់ការនោះទេ ទ្រង់បណ្ដោយ ឱ្យធ្វើទាល់តែចប់ ទើបទ្រង់ប្រាប់ហើយ ដាក់ទោសជាក្រោយ ដូច្នេះយើងត្រូវប្រយ័ត្នអំពីការនេះ។
ព្រះទ្រង់បានបង្រៀនយើង សព្វគ្រប់ទាំងអស់ ទាំងក្រិតក្រម ទាំងឱ្យស្គាល់ ពីការអាក្រក់និងល្អ ទ្រង់ប្រាប់ទាំងហេតុផល ទាំងផលវិបាក នឹងត្រូវទទួលបាន អំពីការប្រព្រឹត្ដ និមួយៗរបស់យើង នេះគឺទ្រង់ចង់ធានា អំពីសេរីភាពដែលទ្រង់ បានប្រគល់មកយើង រួចហើយ។
មេរៀននេះ មិនត្រឹមតែឱ្យយើងចេះពិនិត្យមើល អ្នកដទៃថាជាចចក ពាក់ស្បែកចៀម ឬក៏អត់ប៉ុណ្ណោះទេ គឺយើងត្រូវចេះពិនិត្យ មើលខ្លួនយើងផ្ទាល់ម្នាក់ៗ តើយើងមា្នក់ៗនេះជាចចកពាក់ស្បែកចៀមទេដឹង? តើយើងម្នាក់ៗ បានមានលក្ខណសម្បត្ដិ ដូចជាចចកបន្លំប្រាណ នោះទេដឹង បើឃើញថាមែន នោះគឺត្រូវតែលន់តួបាប ដើម្បីឱ្យខ្លួនបានក្លាយ ជាចៀមពិតប្រាកដវិញ។
កាលពីព្រះអង្គមា្ចស់ គង់នៅលើផែនដី នៅឡើយ ទ្រង់ស្ដីបន្ទោស តែពួកផារិស៊ី ជាពួកគ្រូមានពុធ ថាជឿព្រះ តែគេមិនធ្វើតាមព្រះសោះ ទ្រង់បង្រៀន ហើយស្ដីបន្ទោសគេ ដើម្បីឱ្យគេបានប្រែចិត្ដ ទទួលស្គាល់ព្រះ ពិតបា្រកដ ហើយក៏មានខ្លះមែន ដូចជាលោក និចកូដេម និងសាវ័ក ប៉ូល ជាដើម។
នៅជំនាន់ណាក៏មានពួកផារិស៊ីនេះដែរ គឺជាពួកចចក ពាក់ស្បែកចៀមនេះឯង។
បងប្អូនអើយ បើយើងសុចរិត ស្មោះត្រង់ នោះទ្រង់នឹងជួយ យើងយ៉ាងប្រាកដ ជាមិនខាន ទោះតែយើងនៅក្នុង ហ្វូងចចកក៏ដោយ ទ្រង់និងជួយរំដោះយើង ឱ្យរួចមិនខាន ទោះយើងត្រូវរងគ្រោះខ្លះ ដោយព្រោះយើងឥតប្រាជ្ញាមកពីព្រះ។ ទីបំផុត ព្រះនឹងដកគេ បោះចូលទៅក្នុងភ្លើងគួរឱ្យខ្លោចផ្សារ តែយ៉ាងណាក៏ដោយចុះ កុំឱ្យតែយើងជាចចក ក្លែងខ្លួននោះឡើយ។
សូមព្រះទ្រង់ ប្រទានពរដល់បងប្អូន ដែលជាចៀមដ៏សុចរិត។