Scripture: Matthew 24:12-13
តើឆ្នាំថ្មីមានអ្វីត្រូវធ្វើ?
ជារៀងរាល់ដើមឆ្នាំថ្មីម្ដងៗ មនុស្សជាច្រើន គេមានគំរោងការណ៍ សំខាន់ពិសេសមួយ នឹងត្រូវចាប់ផ្ដើមធ្វើ ពីដើមឆ្នាំនេះទៅតែម្ដង តើបងប្អូនមានអ្វី ត្រូវធ្វើហើយឬនៅ? ជាពិសេសបងប្អូន រួមជំនឿ ឧទាហរណ៍៖ ខ្ញុំនឹងខំស្រឡាញ់ប្រពន្ធខ្ញុំ អោយបានច្រើនជាងឆ្នាំមុន ខ្ញុំនឹងខំអនុវត្តន៍ អេភេសូ ៥៖២៥, ‹‹២៥ បុរសរាល់គ្នាអើយចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ ដល់ពួកជំនុំហើយបានប្រគល់ ព្រះអង្គទ្រង់ជំនួសផង …។››
យកល្អយើងគួរ ក្រឡេកមើល ទៅឆ្នាំមុនបន្ដិច ហើយសួរថា តើបងប្អូនបានធ្វើអ្វីខ្លះ ក្នុងនាមជា គ្រិស្ទាន ដើម្បីសរសើរដម្កើង ផ្គាប់ព្រះហឬទ័យព្រះ? តើបងប្អូនគិតថា សេចក្ដីជំនឿរបស់បងប្អូន បានចម្រើនទេ? ឬក៏ធ្លាក់ចុះ? តើមានអី្វនៅខ្វះចន្លោះ? មានអ្វីត្រូវបំពេញទេ?
បងប្អូនអើយ សេចក្ដីជំនឿរបស់យើង ប្រៀបបានដូចជាជណ្ដើរ ឡើងទៅស្ថានសួគ៍ យើងត្រូវតែខំ រក្សាបន្ដរ ដំណើរឡើងថ្នាក់ ជារាងរាល់ថ្ងៃ ឬយ៉ាងហោចណាស់ ក៏រាល់ឆ្នាំដែរ កុំឱ្យដាច់ កុំឱ្យធ្លាក់។ បងប្អូនខ្លះគិតថា ឬព្ញគេថា ឱ្យគ្រាន់តែជឿ ព្រះយេស៊ូវទៅ បានសង្រ្គោះហើយ តែព្រះយេស៊ូវមានបន្ទូលថា៖ ‹‹១២ រួចដោយព្រោះ ការទទឹងច្បាប់ នឹងចំរើនជាច្រើនឡើងបានជាសេចក្តីស្រឡាញ់ របស់មនុស្សជាច្រើន នឹងរសាយអស់ទៅ១៣ តែអ្នកណា ដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញអ្នកនោះនឹងបានសង្គ្រោះ›› (ម៉ាថាយ២៤៖១២-១៣)។ បងប្អូនដឹងទេថា មានគ្រិស្ទានជាច្រើន ក្នុងគ្រប់ទាំងសាសន៍ មានប្រព្រឹត្ដិផ្ដេសផ្ដាស ជាច្រើនជាពិសេសក្នុងថា្នក់ដឹកនាំ ក៏មានអ្នកលោភលន់ កេងប្រវ័ញ្ញ បន្លំលុយព័ន្ធកិច្ច លុយព្រះវិហារ មានស្រីញី សហាយស្មន់ មិនស្មោះត្រង់ ចង់បានមុខមាត់ អំណាច ប្រកាន់ខឹង ងរង៉ក់ ចងគំនុំ មិនអត់ទោស តើមានមែនទេ? កាលពីឆ្នាំមុន? ត្រូវលត់ជង្គង់ចុះភ្លាមទាន់ មិនទាន់ហួសពេល លន់តួបាប បោះបង់វាចោល ឱ្យអស់នៅឆ្នាំថ្មីនេះ ទ្រព្យសាច់ឈាម មិនអាចស្ពាយ ដើរតាមព្រះអង្គបានទេ (ទ្រព្យសាច់ឈាម នៅក្នុងព្រះគម្ពីរ គឺជារបស់ដែលបានមក ដោយអំពើបាប មិនមែននិយាយពីទ្រព្យ ដែលរកស៊ីបាន ដោយសុចរិតនោះទេ ព័ទ្ធកិច្ចរបស់ព្រះ ត្រូវការដង្វាយ ពីបងប្អូនស្ងួនភ្ងា ចូរខំចុះ ឥតខុសទេ) នេះមិនមែន ជាការស្ដីបន្ទោសទេ តែជាជំនួយ ដាស់តឿនវិញ។ គ្មានព្រះបន្ទូល ណាមួយបានថ្លែងថា ឱ្យគ្រាន់តែជឿ ហើយប្រព្រឹត្ដដូចលោកីយ៍ ហើយបានសង្រ្គោះនោះទេ។ ក្នុងព្រះគម្ពីរ ម៉ាថាយ៧៖ ២២- ២៣, ‹‹ នៅថ្ងៃនោះនឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយតើយើងខ្ញុំ មិនបានទាយ ដោយនូវព្រះនាមទ្រង់ ហើយដេញអារក្ស ដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើនដោយនៅព្រះនាមទ្រង់ទេឬអី២៣នោះខ្ញុំនឹងនិយាយ ដោយត្រង់ថាអញមិនដែលបានស្គាល់ ឯងរាល់គ្នាទេ នែពួកទទឹងច្បាប់អើយចូរថយចេញពីអញទៅ។››
បងប្អូនអើយជំនឿ ទៅលើព្រះយេស៊ូវគ្រិស្ដ មិនមែនជាជំនឿលេងៗទេ គឺជាជំនឿទៅលើព្រះដ៏មាន សិរិរុងរឿងដ៏ឧត្ដម មានគ្រប់ទាំងព្រះចេស្ដា ព្រះដ៏មានព្រះជន្ម គង់នៅនាស្ថានសួគ៌។
ឆ្នាំថ្មីសូមឱ្យមានសិរិល្អ ថ្វាយព្រះដ៏ឧត្ដមនៃយើង
ដោយក្រុមជំនុំសហគមន៍ខ្មែរ