ជំនួយការសិក្សាព្រះបន្ទូល
ការសិក្សាព្រះគម្ពីរ (បន្ទូល) ខុសពីការអាន ព្រះបន្ទូល គ្រិស្ទានទាំងអស់ យ៉ាងហោចណាស់ ត្រូវអានព្រះគម្ពីរ ចំណែកឯអ្នកដឹកនាំ ត្រូវតែសិក្សាព្រះគម្ពីរ។
ការអានព្រះគម្ពីរ គឺគ្រាន់តែឱ្យដឹង ឬស្គាល់ព្រះបន្ទូល នឹងដឹង អំពីដំណើររឿង ក្នុងព្រះគម្ពីរ តែមិនស៊ីជម្រៅទេ។
ការសិក្សាព្រះគម្ពីរ (បន្ទូល) គម្ពីរគឺជាផ្នែកមួយ នៃព្រះបន្ទូល ដែលបណ្ដាល ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចារ ជាអក្សរដោយមនុស្ស នឹងគ្រប់ល្មម សំរាប់ការបង្រៀន ឱ្យយល់អំពីទ្រង់ ដូចបានចែងក្នុង គម្ពីរ ទី១ធីម៉ូថេ ៣៖១៦ ១៦ គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញ ព្រះវិញ្ញាណ បណ្តាលឲ្យតែងទេក៏មានប្រយោជន៍ សំរាប់ការបង្រៀន ការរំឭក ឲ្យដឹងខ្លួន ការប្រដៅ ដំរង់និងការបង្ហាត់ ខាងឯ សេចក្តីសុចរិត។ តែពេលខ្លះ មនុស្សបានយល់ ព្រះបន្ទូល ខុសៗគ្នា ជួនកាល ខុសរហូត ដល់បែកឆ្វេង ហើយក៏បង្រៀន បញ្ចុះបញ្ចូល អ្នកដទៃទៀត ឱ្យកើតទៅជាក្រុម ខុសឆ្គងក៏មាន ព្រោះគេយក គំនិតគេជាធំ មិនបានស្គាប់ បង្គាប់ព្រះវិញ្ញាណ។ ព្រះវិញ្ញាណបរិសុទ្ធ នឹងមិនជួយតម្រង់ យើងទេ ប្រសិនបើយើង ជាមនុស្ស មិនស្ដាប់បង្គាប់ មិនកោតខា្លច ដល់ព្រះទេនោះ ប៉ុន្ដែ ទ្រង់ក៏ នឹងមិនដាក់ ទណ្ឌកម្ម មនុស្សភ្លាមៗដែរ គឺទ្រង់មិនគង់ ជាមួយតែម្ដង ដូច្នេះហើយ បានជាយើង ឃើញមានមនុស្ស ជាច្រើនមិនដើរ ក្នុងផ្លូវរបស់ព្រះទេ នេះជាគ្រោះថ្នាក់ ធំបំផុត ក្នុងជំនឿ។ ដូច្នេះការរៀនយល់ ព្រះបន្ទូល ឱ្យបានត្រឹមត្រូវជាការ សំខាន់ណាស់។ ដើម្បីសិក្សា ព្រះបន្ទូល ឱ្យត្រឹមត្រូវ គឺយើងមាន គោលការណ៍ខ្លះៗ នឹងលើកយក ព្រះបន្ទូល ចំបងៗខ្លះ ជាបង្គោល ដូចព្រះបន្ទូល នៅគម្ពីរទី២ ធីម៉ូថេ ៣៖១៦ ដែលខ្ញុំបានជូនខាងលើ, នៅក្នុងគម្ពីរ ចោទិយកថា ៤៖២ ២ មិនត្រូវឲ្យឯង រាល់គ្នា បន្ថែម បញ្ចូលអ្វីៗ ក្នុងសេចក្តី ទាំងប៉ុន្មាន ដែលអញបង្គាប់ ដល់ឯង ឬកាត់ចោល អ្វីណាមួយឡើយ ដើម្បីឲ្យឯង រាល់គ្នាបាន កាន់តាម អស់ទាំងបញ្ញត្ត ផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលអញ បង្គាប់មកឯងនេះ។ នៅគម្ពីរ ចោទិយកថា ១២៖៣២, សុភាសិត ៣០៖៥-៦, វិវរណៈ ២២៖១៨ ក៏បានហាម មិនឱ្យបញេ្ចញ ឬបញ្ចូលព្រះបន្ទូល ទ្រង់ឡើយ ដូច្នេះត្រូវប្រយ័ត្ន ត្រូវរក្សាទុកក្នុងចិត្ដ នៅពេលសិក្សា ព្រះបន្ទូល ក្នុងព្រះគម្ពីរ។ ខាងក្រោមនេះខ្ញុំសូមជូន ជាលំនាំខ្លះៗ ក្នុងការសិក្សា៖
- ត្រូវឱ្យស្គាល់ អំពីលក្ខណៈសម្បត្ដិ របស់ព្រះ ទ្រង់គឺជាព្រះ មិនមែនមនុស្សទេ, ទ្រង់ញាណ ត្រាស់ដឹង ទាំងអស់, ទ្រង់សុចរិត, យុតិធម៌, បរិសុទ្ធ (ឬវិសុទ្ធ) ទ្រង់ស្អប់អំពើបាប ដូច្នេះ អ្វីដែលទ្រង់ថា ឬធ្វើគឺត្រូវទាំងអស់ គឺមិនត្រូវ ខំស្វែងយល់អំពីព្រះ ដោយ ប្រើខួរក្បាល របស់យើងនោះឡើយ គឺត្រូវយកព្រះបន្ទូល ជាសេចក្ដីពិត វិញ។ ឧទាហរណ៍ ប្រសិនបើយើង ប្រើគំនិតយើង ឱ្យយល់អំពី ថាហេតុដូចម្ដេច បានព្រះសម្លាប់មនុស្ស យ៉ាងសំបើម ដោយឥតមេត្ដា ឥតសមហេតុផលដូច្នេះ? ដូចជាមិនត្រូវ? បើយើងគិតដូច្នេះ គឺយើងបកប្រែបន្ទូល យើងបំពាន លក្ខណៈរបស់ព្រះ ដែលយើងដាក់ជាបង្គោល រួចពីលើរួចហើយ គឺអ្វីដែលព្រះធ្វើ គឺត្រូវទាំងអស់ ហើយទ្រង់ ក៏សុចរិត យុតិធម៌ផង ទ្រង់ស្អប់អំពើបាប ដូច្នេះទ្រង់សម្លាប់ ប៉ុន្មានក៏ ឥតខុសដែរ តែយើងអរគុណ ព្រះអង្គ ដែលទ្រង់ទុក ឱ្យយើងនៅ។
- អានអត្ថបទព្រះបន្ទូល ដោយយកចិត្ដទុកដាក់
- អានសារឡើងវិញ ដោយពិនិត្យមើលអត្ថន័យ នៃពាក្យខ្លះ ដែលមានន័យជ្រៅ។
- ពនិត្យឱ្យយល់ ពីន័យនៃប្រយោគ ជួនកាល ព្រះបន្ទូលថាដូច្នោះមែន ប៉ុន្ដែមិន មែន មានន័យពិត ដូច្នោះទេ គឺគ្រាន់តែ ជាការប្រៀប ប្រដូចក៏មាន ដើម្បីឱ្យស្រួលយល់ប៉ុណ្ណោះ។
- ឧទាហរណ៍ទី១៖ ក្នុងគម្ពីរ ម៉ាថាយ ១៨៖៦-៩ ប្រាប់ឱ្យ កាត់ដៃជើង ឬខ្វេះគ្រាប់ភ្នែកចោល គឺជាព្រះបន្ទូល ប្រៀបធៀប ឱ្យយើងហ៊ានកាត់ បោះបង់ចោល នូវអ្វីដែលសំខាន់ សម្រាប់យើង តែនាំឱ្យអ្នកដទៃ ដួល ឬបាត់ សេចក្ដីជំនឿគឺមិនមែនឱ្យកាត់ដៃ ឬខ្វេះ គ្រាប់ភ្នែកចោល មែនទែននោះទេ។
- ឧទាហរណ៍ទី២- មួយទៀតក្នុងព្រះគម្ពីរ លូកា៦៖២៧-៣៦ ២៩ ឯអ្នកណាដែលទះកំផ្លៀងអ្នកម្ខាងនោះត្រូវបែរម្ខាង ទៅឲ្យគេទៀត ហើយបើអ្នកណា យកអាវវែងរបស់អ្នកនោះកុំឲ្យឃាត់ មិនឲ្យ គេយក អាវតូច អ្នកផងឡើយ។ គឺបង្រៀនយើង ឱ្យចេះអត់ធ្មត់ ឬចេះបង់ខាត ឬបន្ថែម នូវសេចក្ដីស្រឡាញ់ ដូចព្រះយេស៊ូវបន្ថែមនៅខ៣៣ ថាបើស្រឡាញ់ តែគ្រួសារ គ្នាឯង នោះមានអី្វ ខុសពីមនុស្សធម្មតា។ ចំណុចសំខាន់ ដែលត្រូវថ្លឹងថ្លែង គឺនៅខ៣១ គឺត្រូវធ្វើ ឱ្យដូចយើង ចង់បានដែរ។
- កុំប្រែ ព្រះបន្ទូល ដោយកាត់ស្មាន ដូចជា ឧទាហរណ៍ នៅគម្ពីរ ម៉ាថាយជំពូក២ គ្រិស្ទាន មួយចំនួនធំ ដឹងថាមានហោរា បីនាក់ មកថ្វាយបង្គំ ព្រះរាជទារក យេស៊ូវ ប៉ុន្ដែព្រះគម្ពីរ ឥតមានបានចារ ថាបីនាក់ទេ តែមានដង្វាយបីយ៉ាង គឺមនុស្សបានស្មាន ឬសន្មត។
- ការអនុវត្ដន៍ខុសកាលៈទេសៈ
- អំពីបុណ្យជ្រមុជទឹក គឺការច្រឡំ យកករណីយ៍ ចោរនៅ លើឈើឆ្កាង មកអនុវត្ដន៍ ខុសកាលៈទេសៈ។ ករណីយ៍នេះ គឺព្រះយេស៊ូវផ្ទាល់ ដែលទ្រង់ មានគ្រប់ទាំងអំណាចចេស្ដា បានប្រាប់ អនុញ្ញាណ ឱ្យចោរម្នាក់ នៅខាងស្ដាំ ទៅនៅស្ថានបរមសុខ ជាមួយទ្រង់។ ចោរនោះ មានលក្ខណៈពិសេស គឺគាត់បានទទួលស្គាល់ ព្រះយេស៊ូវ ដែលកំពុង នៅជាប់ឆ្កាង នៅពេលទ្រង់ កំពុងតែមាន ឋានៈជាអ្នកទោស ត្រូវប្រហារជិវិត ហើយលោកិយ ទាំងមូលបាន បដិសេដ្ឋទ្រង់។ ដុច្នេះមិនអាច អនុវត្ដន៍ បានថា មិនបាច់ ជ្រមុជទឹក ក៏បានដែរ ដូចចោរ នៅលើឈើឆ្កាងនោះ បានទេ ព្រោះពិធីជ្រមុជទឹក ជាព្រះរាជបញ្ជា ដ៏ធំចុងក្រោយ របស់ព្រះយេស៊ូវ (កុំបង្រៀនខុសពីព្រះបន្ទូល) ប៉ុន្ដែយើង សព្វត្រូវតែ ស្ដាប់បង្គាប់ តាមព្រះបន្ទូល។
- ម្យ៉ាទៀតអ្នកប្រាជ្ញ ព្រះបន្ទូលខ្លះ បានបកប្រែពាក្យថា Baptize(បាបថាយ ឬជ្រមុជទឹក) មានន័យថាផ្សើម ឬប្រស់ទឹក ដូច្នេះហើយបានជាយើងឃើញថា គ្រូគង្វាលខ្លះ ឬនិកាយខ្លះ គេធ្វើពិធីជ្រមុជទឹកនេះ គ្រាន់តែប្រស់ ឬលាបទឹកលើក្បាល ជាសញ្ញានៃការប្រែចិត្ដជាការស្រេច។ ខ្ញុំមិនទិះទៀនថា ខុសឬត្រូវនោះទេ ប៉ុន្ដែពិធីជ្រមុជទឹក លើសពីអត្ដន័យនៃពាក្យ ថាជ្រមុជទឹក យើងធ្វើពិធីជ្រមុជទឹកនេះ មិនយោល ទៅតាមអត្ថន័យ នៃពាក្យទេ តែធ្វើដោយស្ដាប់ បង្គាប់ព្រះបន្ទូលវិញ គឺដើម្បី៖
ប្រកាសជាសាធារណៈ ក្នងការទទួលស្គាល់ ព្រះយេស៊ូវគ្រិស្ដ ក៏ជាការ ធ្វើ ទីបន្ទាល់ ផងដែរ។
- ទីសំគាល់អំពី ការប្រែចិត្ដ, ស្លាប់ជាមួយ ព្រះអង្គមា្ចស់ ហើយរស់ ឡើងវិញ ជាជីវិតថ្មី ដែលស្អាត (គឺចេញពីទឹក, ការប្រស់ ឬលាបក្បាល ដោយទឹក មិនអាចស្លាប់ បានទេ)
- ជាពិសេស គឺបង្ហាញពីការ ស្ដាប់បង្គាប់តាម ក្នុងម៉ាថាយ២៨៖១៩ គឺជាមហា រាជបញ្ជា។
- នេះគ្រាន់តែ ជាការលើក ពីរបៀបសិក្សា សម្រាយខ្លី ខ្លះៗប៉ុណ្ណោះ គ្រាន់តែជំនួយខ្លះ ដល់ បងប្អូន ដែលចង់រៀន ព្រះបន្ទូលដោយខ្លួនឯង ហើយវិធីសាស្រ្ដ នេះទៀត ខ្ញុំក៏បានដកស្រង់ខ្លះ ពីសៀវភៅសិក្សា ឈ្មោះ Bible Training Centre For Pastorsគេបានបកប្រែ ចេញជាភាសាខ្មែរ ហើយឥឡូវនេះ។
- ពីវិធីសិក្សាមួយ ទៅវិធីមួយ ពីគ្រូម្នាក់ ទៅមា្នក់ទៀត តែងតែខុសគ្នា ខ្លះៗ ជាមិនខាន តែត្រូវ តែរក្សាគោលការ នៅក្នុងក្របខណ្ឌ នៃអ្នកស្ដាប់បង្គាប់។ ម្យ៉ាងទៀត គោលជំនឿ របស់ពួកសាវ័ក ក៏ជាជំនួយ មួយសំរាប់ ការរៀនសូត្រ របស់យើងដែរ។
- គួរចងចាំថា ការយល់ ព្រះបន្ទូល ឱ្យបានត្រឹមត្រូវ គឺដើម្បីអនុវត្ដន៏ ឬបង្រៀនអ្នកដទៃឱ្យបាន ត្រឹមត្រូវដែរ។ បើចេះព្រះបន្ទូល ហើយមិនអនុវត្ដន៍ទេ នោះមិនខុសពីយក ចង្កៀង ទៅដាក់ក្នុងថាំងទេ យូរទៅវារលត់ ទៅឯង ជាការឥតប្រយោជន៍ទទេ។
សូមបងប្អូនបានប្រកបនឹងព្រះពរ។