អត្ថបទសិក្សាព្រះគម្ពីរ
Scriptured: John 2:1-11, យ៉ូហាន ២៖១-១១
ទឹកក្លាយជាស្រានៅភូមិកាណា
១ លុះ៣ថ្ងៃក្រោយមក មានវិវាហមង្គល នៅភូមិកាណា ក្នុងស្រុកកាលីឡេ ហើយមាតាព្រះយេស៊ូវក៏នៅឯណោះស្រាប់ ២ គេបានអញ្ជើញព្រះយេស៊ូវ ព្រមទាំងពួកសិស្សទ្រង់ទៅឯការនោះដែរ ៣ កាលស្រាទំពាំងបាយជូរអស់ហើយ នោះមាតាព្រះយេស៊ូវទូលទ្រង់ថា គេអស់ស្រាទំពាំងបាយជូរហើយ ៤ តែព្រះយេស៊ូវមានព្រះបន្ទូលតបថា មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ ៥ មាតាទ្រង់ក៏ប្រាប់ដល់ពួកបាវថា ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ ៦ រីឯនៅទីនោះ មានពាងថ្ម៦ តាមទំនៀមការលាងសំអាតរបស់សាសន៍យូដា ពាងមួយៗនោះចំណុះទឹកបាន២ឬ៣អម្រែក ៧ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ គេក៏ចាក់ទឹកពេញដល់មាត់ពាង ៨ រួចទ្រង់មានព្រះបន្ទូលប្រាប់គេថា ឥឡូវនេះ ចូរដងយកទៅជូនដល់លោកជាមង្គលការចុះ គេក៏ដងយកទៅ ៩ កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបំរើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្តីថ្មោងថ្មីមកនិយាយថា ១០ មនុស្សទាំងឡាយ គេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុន លុះកាលបានផឹកជាច្រើនហើយ នោះទើបលើកស្រាទំពាំងបាយជូរ ដែលមិនសូវល្អមកជាក្រោយ តែនេះ អ្នកបានទុកស្រាទំពាំងបាយជូរយ៉ាងល្អ ដរាបដល់ឥឡូវនេះវិញ ១១ ព្រះយេស៊ូវ ទ្រង់ធ្វើទីសំគាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសំដែងសិរីល្អរបស់ទ្រង់ ហើយពួកសិស្សក៏ជឿដល់ទ្រង់។
ក- ពិនិត្យអត្ថបទ៖
១- ព្រះយេស៊ូវបានយាងចូលរួម វិធីមង្គលការ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ជាមួយសិស្សរបស់ទ្រង់ ដោយមាននាង ម៉ារីជាមាតា ទ្រង់ជាអ្នកចាត់ចែងការ នៅទីនោះ។
២- ស្រាទំពាំងបាយជូរបានត្រូវអស់ ម៉ារីបានប្រាប់ការនេះដល់ ព្រះយេស៊ូវ ឱយបានដឹង ក្នុងគោលបំណង ឱយទ្រង់ជួយ។
៣- ដំបូង ព្រះយេស៊ូវហាក់ដូចជាចង់ ប្រកែក តែបែរជាធ្វើសម្រេច ដោយសា្ដប់ បង្គាប់ម្ដាយវិញ។
៤- អ្នកបំរើ បានស្ដាប់បង្គាប់ ព្រះយេស៊ូវ តាមបញ្ជារបស់នាង ម៉ារី ដោយដងទឹក បំពេញ ពាងទាំងអស់។
៥- ព្រះយេស៊ូវមិនបានធ្វើអ្វី ក្រៅពីបង្គាប់ឱយដងទឹកចាក់បំពេញពាង ហើយបញ្ជា ឱយយក សា្រទៅឱយ ម្ចាស់ការ ដើម្បីភ្លក់ប៉ុណ្ណោះ។
៦- បងប្អូន ក៏អាចសង្កេតរក ចំណុចផ្សេងៗទៀតប្រសិនបើជាមាន។
ខ- ពន្យល់អត្ថន័យ៖
១- យោលតាមសម្តី របស់នាងម៉ារី ហាក់ដូចជាដឹងច្បាស់ថា ព្រះយេស៊ូវអាចជួយ ធ្វើស្រា បន្ថែមឱយនាងបាន។ នេះសរ បញ្ជាក់ថា នាងម៉ារីជាមា្ដយ ធ្លាប់បានឃើញ ព្រះយេស៊ូវ សម្ដែងការអស្ចារ្យ ពីមុនរួចមកហើយ។
២- ការអស្ចារ្យនេះ មនុស្សធម្មតា មិនអាចធ្វើបានទេ ការអស្ចារ្យនេះ គឺព្រះយេស៊ូវ បានធ្វើទឹក ឱយកា្លយ ជាស្រាទំពាំងបាយជូរ ដោយម្ចាស់មង្គលការ ឥតបានដឹង ថាមក ពីណាទេ គឺគ្រាន់តែដឹងថា សា្រថ្មីដែលទើបនឹងភ្លក់នេះ មានរស់ជាតិ ឆ្ងាញ់ជាង ស្រាមុន។ ការអស្ចារ្យនេះ មានលំនាំមិនខុសពីអ្វី ដែលកើតមានក្នុង ដំណើរការ ធម្មជាតី ដែរទេ គ្រាន់តែប្រើរយៈពេល យ៉ាងខ្លី បំផុតប៉ុណ្ណោះ។
៣- សូមសង្កេតមើល ទឹកដែលកា្លយជាស្រាទំពាំងបាយជូរ ក្នុងដំណើរការធម្មជាតិ អ្នកបំរើត្រូវដង ទឹកចាក់គល់ ដើមទំពាំងបាយជូរ ទឹករំលាយក៏ជាតិរ៉ែ គ្រប់ប្រភេទក្នុងដី ដែលផ្លែ ទំពាំងបាយជូរ ត្រូវការ ក៏ត្រូវស្រូបឡើង ដោយឬសវា ដើម្បីបង្កើត ផ្លែទំពាំង បាយជូរ ហើយត្រូវរង់ចាំ ក្នុងរយៈពេល យ៉ាងយូរខែរហូត ដល់បានផល យកទៅគាប យកទឹកទំពាំងបាយជូរ ហើយត្រូវរក្សាទុកជាយូរឆ្នាំទៀត ទើបបានកា្លយ ជាស្រាល្អ បាន។ ដូច្នេះការអស្ចារ្យ ដែលព្រះយេស៊ូវបានធ្វើទឹក ឱយកា្លយជាស្រានេះ គ្រាន់តែជាការ បំព្រួយ ដំណើរការ ដែលមាន ក្នុងធម្មជាតិ មកក្នុងព្រះហស្ថទ្រង់ ប៉ុណ្ណោះ ដោយប្រើ រយៈ ពេលខ្លីបំផុត គឺគ្រាន់តែឱយអ្នកបំរើ ដងទឹកចាក់ ក្នុងពាង តែម្តង ហើយទ្រង់ គ្រាន់តែ បន្ថែម សារជាតិ របស់ស្រាទំពាំងបាយជូរ ដែលមាននៅ ក្នុងអង្គទ្រង់ស្រាប់ គឺនៅក្នុងព្រះចេស្ដាទ្រង់ (ក្នុងទ្រង់មានគ្រប់ទាំងអស់)។
៤- បទគម្ពីរនេះ បានបញ្ជាក់ថា ព្រះយេស៊ូវជា ព្រះ ព្រោះទ្រង់អាចបង្កើតរបស់ ដែលមានក្នុងធម្មជាតិ ដែលជារបស់ ដែលព្រះ បានបង្កើតដែរ គឺ របស់ដែលកើតមាន ក្នុងធម្មជាតិ ទ្រង់អាចធ្វើបានដូចគ្នា ដោយប្រើពេលវេលាយ៉ាងខ្លីបំផុត។
៥- សូមបញ្ជាក់ថា៖ ព្រះយេស៊ូវមិនមែនជា ចិនប៉ាហ៊ីទេ គឺទ្រង់មិនបាន សំដែង ដោយប្រើវិធី បន្លំឆ្ពិនភ្នែកនោះទេ អ្វីដែលទ្រង់បានធ្វើជារបស់ពិតប្រាកដ ទ្រង់ជាសេចក្ដីពិត។
៦- បងប្អូនប្រហែល ជាអាចមានចំណុច ពន្យល់បន្ថែមទៀតបានដែរ។
គ- អនុវត្ដព្រះបន្ទូលនេះជាប្រយោជន៍៖
១- ក្នុងវិធីមង្គលការត្រូវមានវត្ដមានព្រះចូលរួម
២- ព្រះយេស៊ូវជួយបំពេញ ឬបង្គ្រប់ការខ្វះខាត
៣- ចូរបែររក ទូលសូមដល់ព្រះយេស៊ូវ នៅពេលយើងត្រូវការជំនួយចាំបាច់
៤- បំពេញភារកិច្ចរបស់យើង ដើម្បីព្រះបង្ហើយការអស្ចារ្យទ្រង់អោយយើង។
៥- បងប្អូនអាចស្វែង រកចំណុចអនុវត្តន៍ ជាច្រើនទៀតបាន។
សំនួរ៖ អត្ថបទនេះអាចបង្កើតជាសំណួរថា៖
តើគ្រិស្ទានទទួលទានស្រាបានឬទេ?
កំណត់សម្គាល់៖ ស្រាទំពាំងបាយជូរប្រភេទនេះ ជាទឹកភេសជ្ជៈ។ ទឹកផ្លែទំពាំងបាយជូរ ជាទឹកផ្លែឈើពិសេសម្យ៉ាង ដែលទុកយូរ មិនចេះផ្អូម តែបានក្លាយជា ស្រាវិញ ដោយ ឯកឯង ដោយមិនបាច់ថែម សារជាតិអ្វីទៀតឡើយ ហើយក៏ជាវិធីដើម្បីទុក ទឹកផ្លែទំពាំងបាយជូរ ទទួលទានជាភេសជ្ជៈ នៅគ្រប់រដូវបាន។
ចម្លើយ៖ ការទទួលស្រាទំពាំងបាយជូរ មិនមែនជាអំពើបាបទេ តែការស្រវឹងស្រាទេ ដែលនាំអោយមាន បាប ដូច្នេះគួរទទួលទាន បែបដែលគួរ ថ្លៃថ្នូរ មិនមែនដោយបែបឡូឡាទេ។
ការទទួលទានស្រា របស់គ្រិស្ទានជាប្រធានបទមួយយ៉ាងរសើប ដោយ មានយោបល់ នឹងគំនិតជំទាស់ជាច្រើនផង។
សរុបសេចក្ដី បើសិនណាជាមិនចាំបាច់ ឬក៏ទទួលទានដោយចិត្ដសង្ស័យ ឬក៏ចង់រក្សាភាពវិសុទ្ធ ឬបរិសុទ្ធ ថ្វាយព្រះ នោះចូរកុំទទួលទានតែម្តង នោះជាការល្អ នឹងឥតនាំអោយមានសៅហ្មងផង។