T17- ផែនការឆ្នាំថ្មី
ផែនការឆ្នាំថ្មី
តើអស់លោកបងប្អូន មានគម្រោងធ្វើអ្វី ក្នុងឆ្នាំថ្មីនេះ? ខ្ញុំជឿថា អស់លោកបងប្អូន បានរៀនចេះដឹង ហើយស្គាល់អ្វីៗ ច្រើនណាស់ នៅជុំវិញជីវិតបងប្អូន តើបងប្អូនដែលបានរៀន ឱ្យបានស្គាល់ ចេះដឹងអំពីខ្លួនឯងទេ? តើអស់លោក បងប្អូនមាន ដើមកំណើតពីណាមក? ហេតុដូចម្ដេច បានជាមានប្រាជ្ញា ឆ្លាតដូចនេះ? ហើយពេលខ្លះ ហាក់ដូចជាមានអំណាច អ្វីមួយទៀតដឹកនាំ ដែលយើងមិនអាចត្រួតត្រាទប់ទល់ ឬបង្វែរបាន? ហេតុអ្វីបានជារស់យូរទៅ កាន់តែចាស់ទៅ? ហើយឈឺច្រើនទៀត? ចំណែកឯអ្នកចាស់ៗជាង នោះចេះតែស្លាប់បន្ដគ្នាដូច្នេះ? តើយើងអាចស្លាប់ដូច គេទេ? បើស្លាប់មែន តើយ៉ាងម៉េចទៀត? តើចប់ត្រឹមផ្នូរតែប៉ុណ្ណឹង? ឬមានជីវិត ជាតិក្រោយទៀតទេ? តើស្ថានសួគ៌ ឬស្ថាននរកនោះមានដូចដែលយើងធ្លាប់ឮ មែនឬទេ? ការចេះដឹង ហើយស្គាល់ខ្លួនឯង នោះជាការចាំបាច់ណាស់ដែរ សំរាប់ជីវិតមនុស្សម្នាក់ៗ ហើយដើម្បីឱ្យស្គាល់ខ្លួនឯងនោះ គឺត្រូវស្គាល់អំពីអ្នកដែល បង្កើតខ្លួនមក អ្នកនោះគឺជាព្រះដ៏ជាព្រះ ចំណែកឯឱពុកម្ដាយ គ្រាន់តែជា អ្នកឱ្យ កំណើតនឹងពរពោះយើងប៉ុណ្ណោះទេ ព្រោះព្រះជាព្រះអទិករ ទ្រង់រស់នៅតាំងពីអស់កល្ប ទ្រង់មិនចេះស្លាប់ទេ។ តាំងពីទ្រង់បង្កើតមនុស្សមក ទ្រង់មិនដែលចោលយើងទេ គឺទ្រង់នៅថែរក្សាយើងជានិច្ច តែមនុស្សខ្លួនឯងទេ ដែលជ្រើសរើសផ្លូវខ្លួន ដែលជាផ្លូវ ដែលទៅឯសេចក្ដីស្លាប់ ហើយឃ្លាតឆ្ងាយពីព្រះ ដែលនាំឱ្យហិនវិនាសនោះ បើជ្រើសរើសផ្លូវព្រះ មិនត្រូវហិនវិនាសឡើយ។ ដូច្នេះដើម្បីឱ្យស្គាល់ខ្លួនឯង នឹងព្រះ នោះត្រូវតែអានសៀវភៅរបស់ព្រះគឺជា ព្រះគម្ពីរ ដែលទ្រង់បានបណ្ដាលឱ្យ មនុស្សកត់ត្រាទុកជាព្រះបន្ទូល ដើម្បីឱ្យមនុស្ស បានយល់ អំពីសេចក្ដីពិត។
ដើម្បីឱ្យស្រួល ហើយឆាប់យល់ នោះអស់លោក បងប្អូន គួរតែអានព្រះគម្ពីរតាំងដើមមក ឬក៏យ៉ាងហោច គឺចាប់ពីសៀវទី ១, ២, ៦, ៧, ៩, ១០, ១១, ១២ ព្រោះសៀវភៅទាំងនេះ មានសាច់រឿង តភ្ជាប់គ្នាជាប្រវត្ដិសាស្រ្ដ របស់មនុស្សនឹងព្រះ។ ម្យ៉ាងទៀតបើអាច មានសៀវភៅជំនួយ ក៏រឹតតែប្រសើរ ព្រោះវាជាជំនួយ ជួយចែកព្រះគម្ពីរជាផ្នែកតូចៗ ដើម្បីឆាប់យល់ និងឆាប់ចាំផង ខ្ញុំនឹងជូនជាឧទាហរណ៍ សំរាប់សៀវភៅទី១ គឺព្រះគម្ពីរ លោកុប្បត្ដិ៖
ព្រះគម្ពីរនេះបានចែកចេញជា ២ផ្នែកធំៗ គឺ ព្រឹត្ដិការណ៍សំខាន់ទាំង៤ នឹងមនុស្ស សំខាន់៤នាក់។
ក- ព្រឹត្ដិការណ៍សំខាន់ទាំង៤ គឺជាព្រឹត្ដិការណ៍ ដែលបានកើតឡើង មុនប្រវត្ដិសាស្រ្ដ មានន័យថាមុនពេល ដែលមនុស្សចេះកត់ត្រា ទុកជាប្រវត្ដិសាស្ដ្រ ព្រឹត្ដិការណ៍ទាំង៤នោះគឺ៖
- ការបង្ករបង្កើត ៖ ចាប់ពីជំពូក១ ដល់ជំពូក២, ព្រះដ៏ពិតនោះមានតែ១ទេ ដែលមាននាមថាព្រះយេហូវ៉ា គឺព្រះនេះហើយ ដែលបានបង្កើត ស្ថានសួគ៌ នឹងផែនដី ព្រមទាំងរបស់សព្វសារពើរ នៅលើផែនដីផង។ ទ្រង់បានបង្កើតមនុស្សជាចុងក្រោយគេ ឱ្យដូចជាអង្គទ្រង់ ដោយផ្លុំខ្យល់ដង្ហើមទ្រង់ បញ្ចូលក្នុងមនុស្ស ដែលជាព្រលឹងរស់ របស់មនុស្ស ទ្រង់បានឱ្យមនុស្សមានអំណាច ត្រួតត្រាលើគ្រប់ទាំងសត្វមានជីវិតនឹងរបស់ទាំងអស់នៅលើផែនដី ហើយទ្រង់ឱ្យគេមានសេរីភាពក្នុងការជ្រើសរើសទៀតផង គឺទ្រង់បានជំរើសពីរ ដល់គេ គឹមនុស្សត្រូវជ្រើសរើសយក ឬមួយចំណេះប្រាជ្ញាពឹងខ្លួនឯង ដែលត្រូវស្លាប់ជាយថាហេតុ? ឬមួយស្ដាប់បង្គាប់ ដើរតាមព្រះហើយមានជីវិត?
- អំពើបាប៖ ពីជំពូក៣ ដល់ជំពូក៥, ដោយសារសេចក្ដីល្បួង ឬចំណង់សេចក្ដីលោភលន់ ក្នុងសេរីភាព មនុស្សបានរើសយក ចំណេះបា្រជ្ញា ខ្លួនឯងមិនស្ដាប់បង្គាប់ព្រះ ដែលជាអំពើបាប ហើយនាំឱ្យកើតមានការ ស្អប់ច្រណែន កាប់សម្លាប់គ្នា ជាហេតុនាំមកនូវសេចក្ដីស្លាប់ គឺការដាច់ចេញពីព្រះ ហើយស្លាប់ខាងឯសាច់ឈាម ហើយបើនៅតែមិនប្រែចិត្ដរកព្រះឱ្យជួយទេ នោះនឹងនាំ ឱ្យសា្លប់ដល់ព្រលឹងខ្លួនទៀត (គឺព្រលឹងត្រូវធ្លាក់ទៅស្លាប់នរកនៅទីបញ្ចប់)
- ទឺកជំនន់៖ ពីជំពូក៦ ដល់ជំពូក៩, ដោយសារផលនៃអំពើបាប កំផិត សម្អប់ ច្រណែន កាប់សម្លាប់ បានរាតត្បាតពេញទាំងផែនដី ព្រះទ្រង់សម្រេច សម្លាប់អំពើបាបដែលនៅក្នុងមនុស្សចោលឱ្យអស់ពីផែនដី ដោយបង្អុរភ្លៀង ៤០យប់ ៤០ថ្ងៃ ពន្លិចផែនដីទាំងមូល ដោយទុកមនុស្សតែម្នាក់ គឺលោក ណូអេ (នឹងគ្រួសារគាត់៧នាក់ទៀត) ដែលកោតខ្លាច នឹងស្ដាប់បង្គាប់ទ្រង់ គឺទ្រង់បានប្រាប់ ហើយប្រើឱ្យ លោកណូអេ សង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះរូបគាត់ នឹងគ្រួសារ ព្រមទាំងពូជសត្វគ្រប់ប្រភេទ នៅពេលទឹកភ្លៀងជន់លិចផែនដី។ ទោះតែផែនដីមិនដែលស្គាល់ភ្លៀងសោះក៏ដោយ ក៏លោកណូអេ គិតតែនាំ ប្រពន្ធកូន សង់ទូកធំ តាមព្រះបន្ទូលដែលបានប្រាប់មកគាត់ ដោយឥតបានស្ដាប់ ការសើច ចំអកពីមនុស្សឡើយ គឹគាត់ខំសង់ទូកទាល់តែហើយ ចប់សព្វគ្រប់តាមព្រះបន្ទូល។ ស្រេចហើយ ភ្លៀងក៏ចាប់ធ្លាក់មកឥតឈប់ឈរ លិចផែនដីទាំងមូល សម្លាប់ មនុស្សនឹងសត្វទាំងអស់គ្មានសល់ លើកលែងតែជីវិត មនុស្ស៨នាក់ ជាគ្រួសារលោក ណូអេ នឹងសត្វទាំងប៉ុន្មាននៅក្នុងទូកតែប៉ុណ្ណោះ។ វគ្គនេះបានបង្រៀនយើង ថា ការស្ដាប់បង្គាប់ដល់ព្រះបានសង្គ្រោះខ្លួនយើង ឱ្យគង់ជីវិត រួចពីសេចក្ដីវិនាស អន្ដរាយដែលគ្មានមធ្យាបាយណាទៀត ជួយឱ្យរួច បានឡើយក្រៅពីការ ស្ដាប់បង្គាប់ព្រះប៉ុណ្ណោះ។
- ការបំបែកជាភាសារផ្សេងៗ៖ ជំពូក១០ ដល់១១, ក្រោយពីទឹកជំនន់ នៅសល់មនុស្ស តែ៨នាក់ប៉ុណ្ណោះដែលរស់នៅលើផែនដី ក៏ចាប់បង្ករបង្កើតកូនចៅជាថ្មី។ នៅពេលដែលគេមានគ្នាច្រើន ហើយ គេក៏ស្រុះស្រួលគ្នា សង់ប៉បដ៏ខ្ពស់មួយ ឱ្យដល់ស្ថានសួគ៌ ដោយដីអិដ្ឋ ដែលដុតឱ្យរឹង ដោយដំរេះប្រាជ្ញារបស់គេ។ ព្រះទ្រង់មិនសព្វព្រះហឬទ័យនឹងការដែលគេធ្វើនេះព្រោះទ្រង់ដឺងថាការនេះគេមិនអាចសំរេចបានទេ ទ្រង់បានបញ្ឈប់ការនេះដោយបំបែកភាសាគេជាច្រើនអោយគេនិយាយស្ដាប់គ្នាលែងបាន។ គេក៏បែកគ្នាជាក្រុមៗទៅតាមភាសាគេនិមួយៗ។
ខ- មនុស្សសំខាន់ទាំងបួននាក់គឺ៖ លោកអ័ប្រាហាំ, លោកអ៊ីសាក, លោកយ៉ាកុប និង លោកយ៉ូសែប
- លោកអ័ប្រាហាំ (ពីជំពូក១២) លោកអ័ប្រាហាំជាមនុស្សសំខាន់មា្នក់ដែលព្រះទ្រង់ត្រាសហៅគាត់ ឱ្យចាកចេញពីស្រុកអ៊ើរ(ជាប្រទេសអ៊ារ៉ាក់សព្វថ្ងៃ) បន្ដរដំណើរទៅស្រុក កាណាន (ដែលជាប្រទេសអ៊ីស្រាអែលសព្វថ្ងៃ)។ នៅពេលដែលព្រះទ្រង់ត្រាស់ ហៅនោះលោកមានអាយុ៧៥ឆ្នាំ (ប្រហែលក្នុងឆ្នាំ២០០០មុន គ.ស) គាត់មានថា ឈ្មោះអាប់រ៉ាម និងប្រពន្ធឈ្មោះសារ៉ាយ ក្រោយមកទើបព្រះបានប្ដូរឈ្មោះគាត់ទៅជាអ័ប្រាហាំ និងប្រពន្ធគាត់ជាសារ៉ាវិញ។ ព្រះទ្រង់បានសន្យា នឹងលោកអ័ប្រាហាំថា នឹងប្រទានកូនចៅ ជាច្រើនឱ្យបានកើតជានគរមួយ យ៉ាងធំចេញពីគាត់ ប៉ុន្ដែការនោះ មិនឃើញកើត ដល់គាត់សោះ។ មានថ្ងៃមួយនាងសារ៉ាយ ប្រពន្ធគាត់បានគិតថា គាត់មានវ័យចាស់ ហើយជាស្រីអារផង មិនអាចបង្កើតកូនបានទេ នោះទើបគាត់សម្រេច ឱ្យអ័ប្រាហាំចូលទៅរួមរ័ក្ស ជាមួយអ្នកបំរើរបស់គាត់ ឈ្មោះហាកា ដើម្បីឱ្យបានកូន តាមព្រះបន្ទូលសន្យា។ នោះក៏បានកើតការ ដូចជាគាត់បានគិតមែន គឺនាងហាកា បានបង្កើតកូនប្រុសមួយ គាត់បានឱ្យឈ្មោះថា អ៊ីសម៉ាអែល ( ដែលជាជួរវង្ស របស់មហាម៉ាត់ ជាអ្នកបង្កើតសាសនា អ៊ីស្លាមសព្ទថ្ថៃនេះ) នៅពេលលោកអ័ប្រាហាំ មានអាយុ៨៦ឆ្នាំហើយ។ នៅពេលដែល នាងសារ៉ា មានអាយុ៩០ឆ្នាំ នោះនាងក៏មានទម្ងន់ បង្កើតបាន កូនប្រុសមួយ ឱ្យឈ្មោះថា អ៊ីសាក នៅពេលលោក អ័ប្រាហាំមានអាយុ១០០ឆ្នាំហើយ ។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា ការអី្វដែលព្រះបានសន្យាហើយ នោះនឹងត្រូវតែកើតឡើង ជាពិតប្រាកដ ទោះមនុស្សបានគិត ថាការនោះ មិនអាចកើតបាន ឬមនុស្សត្រូវចាំ យ៉ាងយូរហួស កំណត់ក៏ដោយ។
- លោកអ៊ីសាក (ពីជំពូក២១) អ៊ីសាកជាកូន លោកអ័ប្រាហាំ ជាមួយនាងសារ៉ា នៅពេលដែលគាត់មានវ័យចាស់ៗ ណាស់ហើយ ក៏ជាកូនដែលកើត ដោយបន្ទូលសន្យា របស់ព្រះ ដល់គាត់ដែរ។ នៅពេលដែលអ៊ីសាក បានធំដឹងក្ដីហើយ ព្រះបានត្រាស់ហៅ លោកអ័ប្រាហាំ ឱ្យយក អ៊ីសាក ជាកូនសម្លាញ់ របស់គាត់ ទៅដុតបូជា ថា្វយទ្រង់ អ័ប្រាហាំ ក៏សុខចិត្ដធ្វើតាម ដោយឥតប្រកែក ប៉ុន្ដែនេះគ្រាន់តែជាការ ដែលព្រះបានសាកល្បង ជំនឿលោកអ័ប្រាហាំប៉ុណ្ណោះ គឺទ្រង់បានឱ្យយកចៀមមួយ បូជាជំនួសវិញ នៅពេលដែលគាត់រៀបចំ នឹងដុតបូជា អ៊ីសាកហើយនោះ។ ក្រោយមកលោកអ៊ីសាក បានរៀបការជាមួយ នាងរេបិកា ដែលបានបង្កើតកូនភ្លោះប្រុសពីរនាក់ គឺ អេសាវ ជាបង នឹងយ៉ាកុប ជាប្អូន។ អេសាវជាបង ចូលចិត្ដ បរបាញ់សត្វ ហើយជាទីគាប់ចិត្ដរបស់ អ៊ីសាកជាឱពុក ចំណែកឯយ៉ាកុប វិញចូលចិត្ដ ជួយកិច្ចការនៅផ្ទះ ក៏ជាទីគាប់ចិត្ដ របស់រេបិកា ជាម្ដាយផងដែរ។ មានថ្ងៃមួយ អេសាវបាញ់សត្វមិនបានសោះ លុះមកដល់ផ្ទះវិញ បានឃ្លានជាខ្លាំង ហើយក៏សុំសម្ល យ៉ាកុប ជាប្អូន ទទួលទាន តែយ៉ាកុប សុំប្តូរ សិទ្ធិជាបង នឹងសម្លក្រហមមួយចាន ដោយសារឃា្លនខ្លាំងពេក អេសាវក៏ព្រមប្ដូរ។ ក្រោយដែលលោកអ៊ីសាក មានវ័យចាស់ណាស់ហើយ ភ្នែកគាត់ ក៏ងងឺតមើលអី្វមិនឃើញផង យ៉ាកុបបានបន្លំខ្លួន ជាអ៊ីសាវ ដើម្បីចូលទៅទទួលពរ ជាកូនច្បង ពីឱពុក ដោយមានការឃុបឃិតពីមា្ដយ។ ដោយគាត់ខ្លាចអេសាវ ជាបងខឺង ហើយសម្លាប់គាត់ នោះគាត់បានភៀសខ្លួន ទៅនៅបំរើឱពុកមា របស់គាត់ អស់ រយៈ ពេលជាយួរឆ្នាំ ថែមទាំងបានរៀបការ ជាមួយកូនស្រីទាំង ពីរ របស់មា គាត់ផង គឺនាង លេអារ និង នាងរ៉ាជែល។
- លោកយ៉ាកុប (ពីជំពូក២៥៖១៩) លោកយ៉ាកុប មានប្រពន្ធទាំងអស់បួន នឹងកូនប្រុស ១២នាក់ ដែលជា ត្រកូលទាំង១២ របស់សាសន៍ អ៊ីស្រាអែល
- លោកយ៉ូសែប (ពីជំពូក៣០៖២២) យ៉ូសែបជាកូន សម្លាញ់របស់ លោក យ៉ាកុប ជាមួយនាងរ៉ាជែល ដែលបានស្លាប់តាមផ្លូវនៅពេលសម្រាល បេនយ៉ាមិន ជាប្អូនរបស់យ៉ូសែប។ ដោយសារសេចក្ដី ច្រណែនរបស់បងៗ យ៉ូសែបបានត្រូវលក់ ទៅនៅស្រុក អេស៊ីព្ទ គាត់បានត្រូវឆ្លងកាត់ សេចក្ដីទុក្ខវេទនាជាច្រើន តែក្រោយមកគាត់បាន តែងតាំងជា រដ្ឋមហាមន្ដ្រី នៅស្រុកអេស៊ីព្ទ ដែលក្រោយមកអាចជួយបងប្អូន គ្រួសារគាត់ ដែលជាកូនចៅ លោកយ៉ាកុបទាំងអស់ អោយបានទៅនៅស្រុកអេស៊ីប នៅពេលស្រុកកាណាន មានកើតទុរភក្ស។ ចំណេរកាល ជំនាន់ក្រោយៗមកទៀត គ្រួសារលោកយ៉ាកុប ក៏ចម្រើនកើនចំនួន កាន់តែ ច្រើនឡើង ដែលនាំអោយ ស្តេចស្រុកអេស៊ីប មានការភ័យបារម្ភ ជាខ្លាំង ក៏បង្ខំអោយសាសន៍យូដា ដែលជាពូជពង្ស របស់លោកយ៉ាកុប ទាំងអស់ អោយទៅជាអ្នកបំរើ ហើយបង្ខំអោយធើ្វការ ជាទម្ងន់ អស់រយៈពេល៤០០ ឆ្នាំដូចជាព្រះបានប្រាប់ លោកអ័បា្រហាំរួចហើយ។
ខ្ញុំបានសង្ខេប ព្រះគម្ពីរលោកុប្បត្ដិនេះ យ៉ាងខ្លីក្ដីបំផុត ដោយគ្រាន់តែលើក ចំណុចខ្លះៗ ប៉ុណ្ណោះ សូមអស់លោកបងប្អូន អានព្រះគម្ពីរ លោកុប្បត្ដិ នេះទាំងអស់ ដើម្បីអោយ យល់សាច់រឿងបានច្បាស់លាស់។
ព្រះគម្ពីរលោកកុប្បត្ដិនេះ ជាសៀវភៅមួយយ៉ាងសំខាន់ ដែលអាចជួយឆ្លើយ នឹងចម្ងល់ របស់អស់លោក បងប្អូន ដូចជាថា៖
- តើមនុស្សដំបូងគេកើតពីណាមក?
- អ្វីទៅជាអំពើបាប? ហេតុដូចម្ដេចបានជាមនុស្សត្រូវស្លាប់?
- ហេតុដូចម្ដេច បានជាមនុស្ស មានភាសាផ្សេងៗគ្នា?
អានព្រះគម្ពីរ នាំឱ្យយល់អំពីជីវិត ដែលជាហេតុនាំឱ្យស្គាល់ នឹងជឿដល់ ព្រះអទិករ ដែលជាព្រះយេស៊ូវគ្រិស្ទ។ ព្រះនៅក្នុងព្រះគម្ពីរ គួរហៅថា ព្រះអទិករ ឬព្រះយេហូវ៉ា ដែលយើងសន្និឋានថាជាឈ្មោះរបស់ទ្រង់ ដើម្បីកុំឱ្យច្រឡំនឹង ពាក្យថាព្រះ ដែលសំដៅទៅព្រះដទៃជាច្រើនទៀត។
ការជឿដល់ព្រះយេស៊ូវ នឹងបានជីវិត អស់កល្បជានិច្ច។
សូមព្រះដ៏មានព្រះជន្មរស់ ប្រទានពរ ដល់អស់លោកបងប្អូន។