Scripture: Mat. 6:25-27, ម៉ាថាយ ៦៖២៥-២៧
សេចក្ដីខ្វល់ព្រួយ
តើអ្នកមានកង្វល់ខ្វល់ព្រួយឬទេ? សូមបងប្អូនកុំច្រឡំពាក្យ កង្វល់ខ្វល់ព្រួយនេះគឺមិនមែនជា ការគិតគូរ ដើម្បីធ្វើការ ឬដោះស្រាយបញ្ហា អ្វីមួយនោះទេ កង្វល់ខ្វល់ព្រួយ គឺការគិតអវិច្ចមាន(ខ្វល់) បន្ថែមទៅលើបញ្ហា អ្វីមួយ ឬគិតខ្វល់មុនបញ្ហាអ្វីមួយ ដែលប្រុងនឹងកើតឡើង។ ឧទាហរណ៍ មនុស្សម្នាក់ ដែលកំពុងតែភ្ជួរសែ្រ គាត់ឃើញមេឃចង់ភ្លៀង គាត់ចាប់តាំខ្វល់ព្រួយ ថាបើភ្លៀងមក ដំបូល ផ្ទះគាត់មិនដឹងលិចកន្លែងណាខ្លះទេ លិចទទឹកខោអាវ បានអីស្លៀក ជើងក្រាន, អុសបានអី ដាំបាយ ប្រពន្ធកូនមិនដឹងទៅជ្រកឯណាទេ ។ ឧទាហរណ៍មួយទៀត ដូចជាអ្នកខ្លះមានកូនដែលបើកឡាន ទៅបាត់ ពីផ្ទះទាំងយប់ នោះគាត់ចាប់តាំងព្រួយកើតទុក្ខ បើវាមានគ្រោះថា្នក់ មិនដឹងជាជីវិតវា ទៅជាយ៉ាងណាទេ ឬមួយក៏ពីការមិនដឹងមានអ្នកណាថែទាំវាទេ ហើយក៏តាំងសំរានមិនលក់ អង្គុយចាំមើលផ្លូវ ទាល់តែកូនមកដល់ផ្ទះវិញទើបចូលសំរាន។ បញ្ហានេះហៅថា ការខ្វល់ព្រួយ គឺអារម្មណ៍គាត់បានបង្កើត ឬប្រឌិតក្ដីស្រម័យអវិច្ចមាន មុនបញ្ហាដែលកើតមានឡើង បញ្ហានេះបានកើតមានលើមនុស្សជាច្រើន ហើយវាក៏ជាបញ្ហា ដែលដោះស្រាយមិនកើត ព្រោះវាមិនមែន ជាបញ្ហាមែនទែន ជាបញ្ហាដែលប្រឌិតឡើងក្នុងអារម្មណ៍ ឬមនោសចេតនាប៉ុណ្ណោះ គឺជាការគិតខ្វល់ខ្វាយ ឥតគោលដៅពិតបា្រកដ។ ដូច្នេះហើយបានជា ព្រះយេស៊ូវមានព្រះបន្ទូលថា កុំឱ្យខ្វល់ព្រួយនោះ
នៅក្នុងគម្ពីរម៉ាថាយ ៦៖២៥-២៧ ២៥ដោយហេតុនេះ បានជាខ្ញុំប្រាប់អ្នករាល់គ្នាថាកុំឲ្យខ្វល់ខ្វាយ នឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេស ជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាង សំលៀកបំពាក់ទេឬអី ២៦ ចូរពិចារណា ពីសត្វស្លាប នៅលើអាកាស វាមិនសាបព្រោះមិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នាតើគ្មានដំឡៃ លើសជាងសត្វ ទាំងនោះទេឬអី ២៧ ចុះនៅក្នុងពួកអ្នករាល់គ្នាតើមានអ្នកឯណា ដែលអាចនឹងបន្ថែម កំពស់ខ្លួន១ហត្ថ ដោយសារសេចក្តី ខ្វល់ខ្វាយបានឬទេ។
នៅក្នុងបទគម្ពីរមិនមែនមានន័យថា មិនឱ្យគិតនោះទេ ព្រោះព្រះទ្រង់ឱ្យយើងគិតគូរ បើមុននឹងសង់ផ្ទះ….ឬធ្វើអ្វីមួយ។
កង្វល់ខ្វល់ព្រួយនេះ នឹងកើតជាទម្លាប់មនុស្ស ដែលព្រួយមុនបញ្ហា ឬប្រឌិតបញ្ហា ដែលមិនទាន់ទាំងកើតមាននៅឡើយផង។ បើនៅតែព្រួយមិនឈប់ ព្រួយគ្រប់តែរឿង ឬអត់រឿងផងក៏ព្រួយ នោះព្រះយេស៊ូវមានបន្ទូលថា៖
ម៉ាថាយ ១១៖២៨-៣០ ២៨អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក២៩ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូតហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង៣០ ពីព្រោះនឹមខ្ញុំងាយទេហើយបន្ទុកខ្ញុំក៏ស្រាល។
ព្រោះទ្រង់ហើយ ជាអ្នកបង្កើតសេចក្ដីសុខសាន្ដ និងសេចក្ដីសង្ឃឹម។
សូមសេចក្ដីសុខសាន្ដ របស់ព្រះអម្ចាស់ មានដល់លោកអ្នកជាបរិបូរណ៍។