T49- ជំនឿដែលបានរាប់ជាសុចរិត
Scripture: Gen. 6:1
សេចក្ដីជំនឿដែលបានរាប់ជាសុចរិត
ព្រះទ្រង់បានបង្រៀនមនុស្ស អំពីសេចក្ដីជំនឿ ទៅលើទ្រង់តាំងពីដំបូងមក ហើយបានរាប់សេចក្ដីជំនឿនោះ ជាសុរិច តាំងពីក្នុងព្រះគម្ពីរ សញ្ញាចាស់ម្លេះ ដូចជាទ្រង់បានរាប់លោកណូអេ នឹងលោកអ័ប្រាហាំ ជាមនុស្សសុចរិត ដោយសារសេចក្ដីជឿ។
លោកុប្បត្ដិ្៦៖១ ទ្រង់រាប់លោកណូអេជាសុចរិត
‹‹ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលទៅណូអេថា ត្រូវឲ្យឯងនិងពួកគ្រួឯង ចូលទាំងអស់ទៅក្នុងទូក ពីព្រោះក្នុងពួកមនុស្សជាន់នេះអញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ។››
លោកុប្បត្ដិ១៥៖៦ ទ្រង់រាប់លោកអ័ប្រាហាំជាសុចរិត
‹‹ គាត់ក៏ជឿដល់ព្រះយេហូវ៉ាហើយទ្រង់រាប់សេចក្តីជំនឿនោះ ទុកជាសេចក្តីសុចរិតដល់គាត់។››
បើពិនិត្យមើលសេចក្ដីជំនឿ របស់លោកទាំងពីរ គឺលោកបានជឿព្រះ ហើយធ្វើតាមដោយស្ដាប់បង្គាប់ ដែលព្រះបានរាប់ជាសុចរិតនោះ គឺជាជំនឿ ដែលហ៊ានបូជា ទាំងពេលវេលា កម្លាំង អ្វីៗដែលជាទីស្រឡាញ់ របស់ខ្លួនថ្វាយទៅព្រះ។ ដូច្នេះសេចក្ដីជំនឿនេះ (ភាសារអង់គ្លេស៍ហៅថា Faith)មានន័យថាជឿ ស្ដាប់បង្គាប់ ធ្វើតាម ទង្វើទាំងបីនេះ ត្រូវទៅជាមួយគ្នា ដើម្បីឱ្យបានទៅជាជំនឿពិត គឺបើជឿហើយ ត្រូវតែស្ដាប់តាម ការបង្គាប់, បើស្ដាប់បង្គាប់ហើយ ត្រូវតែធ្វើតាម បើបាត់ទង្វើណាមួយ នោះមិនគ្រប់ជាជំនឿទេ។ ឧទាហរណ៍ បើបងប្អូនជឿថា ថ្ថៃនេះប្រាកដជាភ្លៀង នោះបងប្អូនត្រូវតែ យកឆ័ត្រទៅជាមួយ នៅពេលធ្វើដំណើរទៅក្រៅ។ បើមនុស្សរកគ្រូទាយលេខឆ្នោត បើជឿត្រូវតែទិញលេខនោះ។ បើជឿថាសម្លាប់សត្វ នាំឱ្យបាបចុះនរក ត្រូវតែកុំសម្លាប់។ បើជឿថា ការផិតក្បត់នាំឱ្យធ្លាក់នរក ត្រូវតែកុំផិតឱ្យសោះ។
តើមានជំនឿណា ដែលមិនរាប់ជាសុចរិតទេ? បា្រកដជាមាន ដូចជាមានចែងក្នុងព្រះគម្ពីរ ម៉ាថាយ ៧៖២១-២២, ‹‹២១ មិនមែនអស់អ្នកណា ដែលគ្រាន់តែនិយាយមកខ្ញុំថាឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេគឺជាអស់អ្នក ដែលធ្វើតាមព្រះហឫទ័យ នៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌វិញទេតើ២២ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើន និយាយមកខ្ញុំថាឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ហើយដេញអារក្ស ដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើនដោយនៅព្រះនាមទ្រង់ទេឬអី២៣ នោះខ្ញុំនឹងនិយាយដោយត្រង់ថាអញមិនដែលបានស្គាល់ ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយចូរថយចេញពីអញទៅ។››
បើសួរថា តើអ្នកដែលហៅ ព្រះយេស៊ូវថា ព្រះអម្ចាស់ៗ ទាំងនេះតើគេ ជាអ្នកជឿដល់ព្រះយេស៊ូវទេ? ឆ្លើយថា ប្រាកដណាស់ ព្រោះគេថែមទាំងជឿថា ព្រះនាមទ្រង់មានព្រះចេស្ដា អាចដេញអារក្សបានផង តែព្រះអង្គបានឆ្លើយទៅគេថា៖ អញមិនដែលបាន ស្គាល់ឯងរាល់គ្នាទេ។ ចុះបើអ្នកមានជំនឿ តែឥតហ៊ានថ្វាយដង្វាយ ទៅព្រះនោះយ៉ាងម៉េចដែរ? តើបងប្អូនដែលគិតថា ប្រសិនបើលោកណូអេ ជឿព្រះហើយតែមិនសង់ទូកវិញ តើរឿងវាទៅជាយ៉ាងណាវិញ តើគាត់នឹងគ្រួសារ អាចរស់ជីវិតបានទេ? តើបងប្អូនដែលបានឃើញ គ្រិស្ទាន អ្នកជឿព្រះហើយ តែឥតដែលឃើញ ធ្វើតាមព្រះសោះទេ? ទោះតែក្នុងចំណោម ថា្នក់ដឹកនាំក៏ដោយ។ ជំនឿដែលគ្មានការប្រព្រឹត្ដ គឺជាជំនឿស្លាប់ ដូចជានៅក្នុងគម្ពីរ យ៉ាកុប ២៖១៧ ‹‹ ឯសេចក្តីជំនឿក៏បែបដូច្នោះដែរបើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង។››
តើសេចក្ដីជំនឿ របស់បងប្អូនវិញ យ៉ាងណាដែរ? បងប្អូនអើយ ចូរខំប្រឹងឡើង ខំប្រឹងបូជា ទាំងដង្វាយ, កម្លាំង ពេលវេលា ទាំងចិត្ដផងដែរ ដើម្បីឱ្យជំនឿរបស់យើង បានរាប់បញ្ចូលជាសុចរិច ដោយព្រះអម្ចាស់ ព្រោះមាន តែមនុស្សសុចរិតទេ ដែលអាចចូលនគរព្រះបាន។
សូមព្រះទ្រង់ប្រទានពរ
ដោយក្រុមជំនុំសហគមន៍ខ្មែរ