ខ្លឹមសារនៃព្រះគម្ពីរបរិសុទ្ធ
ពាក្យថាគម្ពីរមានន័យថា សៀវភៅ ឬកំរងសៀវ គឺជាកំណត់ទ្រឹស្ដីសំខាន់ៗ។ គម្ពីរមានច្រើនណាស់ គ្រប់ទាំងសាសនាមានគម្ពីររបស់គេ សូម្បីតែយុទ្ធសាស្រ្ដ ក្បាច់គុណចិនក៏មានគម្ពីររបស់គេដែរ ប៉ុន្ដែពេលនេះយើងចង់លើក យកតែគម្ពីរពិសេសមួយ ដែលហៅថា ព្រះគម្ពីរ ឬព្រះគម្ពីរបរិសុទ្ធ របស់ព្រះដ៏ពិត តែងឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ដែលមានចែងទុក ក្នុងគម្ពីរធីម៉ូថេទី២ ជំពូក៣៖១៦- ‹‹ គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត››
ព្រះគម្ពីរបរិសុទ្ធ ជាសៀវភៅដែល៖
– ចាស់ជាងគេ, ធំជាងគេ, សរសេរដោយ មនុស្សច្រើនជាងគេ, ច្រើនជំនាន់, អស់រយៈពេលយូរជាងគេ, ប្រែជាភាសាច្រើនជាងគេ, មនុស្សអានច្រើនជាងគេ, ក៏ពិបាកយល់ជាងគេបំផុតដែរ មិនមានមនុស្សណាម្នាក់ អាចយល់ព្រះគម្ពីរ ទាំងអស់បានទេ បើមានគឺអ្នកនោះអួតទេ។ កុំគិតស្មានថា អ្នកប្រាជ្ញព្រះគម្ពីរបានយល់ព្រះគម្ពីរបានត្រឹមត្រូវ ហើយបានច្រើនជាងគេឱ្យសោះ ព្រះគម្ពីរមិនអាចយល់បាន ដោយតំរិះបា្រជ្ញាសាច់ឈាមបានទេ គឺយល់បានត្រឹមត្រូវ ដោយសារតែព្រះវិញ្ញាណបរីសុទ្ធ ជាវិញ្ញាណនៃសេចក្ដីពិតប៉ុណ្ណោះ។ ឥតមានមនុស្សណា អាចធ្វើជាគ្រូព្រះគម្ពីរ បានទេតាមពិត ដូច្នេះហើយបានជាព្រះ ទ្រង់មិនឱ្យហៅអ្នកណាមា្នក់ជាគ្រូឡើយ គឺមានតែព្រះមួយអង្គគត់ ជាគ្រូរបស់យើង។ ចំណែកមនុស្ស ដែលយើងនាំគ្នាហៅថាគ្រូៗសព្វថ្ងៃនេះ គឺគ្រាន់តែជាអ្នកជំនួយ ណែនាំតាមចំណេះ សម្មតិភាព នឹងការពិសោធ របស់គាត់ប៉ុណ្ណោះ តែគ្រប់ទាំងពេលដែលបង្រៀន ឬរៀនព្រះបន្ទូល គ្រិស្ទានត្រូវតែអធិស្ឋាន យាងព្រះវិញ្ញាបរិសុទ្ធ មកចូលរួមជាជំនួយ ចាំបាច់ក្នុងការរៀន ឬការបង្រៀន ពុំនោះទេបា្រកដជាមនុស្សខ្វាក់ ដឹកនាំអ្នកខ្វាក់ហើយ ដូច្នេះហើយបានជាមាន គ្រូក្លែងក្លាយ នឹងក្រុមជំនុំខុសឆ្គង ជាច្រើនកើតឡើង។ មនុស្សឬគ្រូជាច្រើន បានយល់ព្រះគម្ពីរ ខុសៗគ្នាលើចំណុចជាច្រើន តែគ្រូ ឬក្រុមជំនុំ ដែលស្មោះត្រង់នឹងព្រះ តែងតែយល់អំពីចំណុចធំៗ សំខាន់ៗក្នុងព្រះគម្ពីរដូចៗគ្នា ជាពិសេសគឺចំណុចនៃសេចក្ដីសង្គ្រោះ សេចក្ដីស្រឡាញ់ នឹងព្រះគុណនៃព្រះ ដូចនៅក្នុង គម្ពីរយ៉ូហាន៣៖១៦- ១៦ដ្បិតព្រះទ្រង់ស្រឡាញ់ មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទាន ព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណា ដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិត អស់កល្បជានិច្ចវិញ ។
គ្រិស្ទានមានពិធីពីរ ដែលត្រូវធ្វីជាចាំបាច់ គឺវិធីលាងព្រះអង្គម្ចាស់ នឹងវិធីបុណ្យជ្រមុជទឹក ព្រោះជារាជបញ្ជារបស់ព្រះយេស៊ូវគ្រិស្ទ។ វិធីលាងព្រះអម្ចាស់ ទ្រង់បានបង្គាប់ឱ្យធ្វើ ដើម្បីរំព្ញកអំពីការសុគត របស់ទ្រង់ដែលសុគតលួសបាបយើង ចំណែកបុណ្យជ្រមុជទឹក ក៏ជាព្រះមហាបញ្ជាចុងក្រោយ គឹធ្វើសំរាប់ជាទីបន្ទាល់ ប្រកាសនៃការប្រែចិត្ដ, ជាសញ្ញាស្លាប់ក្នុងអំពើបាប, លាងសំអាតបាប នឹងកើតជាថ្មី ជាមួយព្រះយេស៊ូវ។ សួរថាហេតុដូចម្ដេច បានជាគ្រិស្ទានមិនប្រារព្វធ្វើវិធី ‹‹លាងជើង››?
គ្រិស្ទានក្នុងពិភពលោក ទាំងមូលមិនបាន ប្រារព្វវិធីជើងនេះទេ ទោះព្រះយេស៊ូវ បានធ្វើការនេះបង្ហាញសិស្សទ្រង់ ក៏ពិតមែន នៅក្នុងគម្ពីរយ៉ូហាន ជំពូក១៣ ប៉ុន្ដែបំណងមិនមែន ដើម្បីបង្រៀនសិស្ស ឱ្យចេះលាងជើងគ្នានោះទេ គឺទ្រង់ចង់បង្រៀនឱ្យចេះ បន្ទាបចិត្ដ បំរើគ្នាទៅវិញទៅមក ការលាងជើងជាការស្រួលទេ ហើយអ្នកណាក៏ចេះលាងជើងដែរ ប្រពៃណីខ្មែរ បានធ្វើពិធីនេះ នៅពេលរៀបអាពាហ៍ពីពាហ៍ តាំងច្រើនរយឆ្នាំមកហើយ តែដូចជាគ្មានប្រសិទ្ធិទេ ធ្វើដើម្បីគ្រាន់ឱ្យល្អមើលប៉ុណ្ណោះ ចំណែកឯពិធីក្នុងជំនឿគ្រិស្ទាន គ្មានពិធីណាមួយ ប្រារព្វធ្វើឡើងដើម្បី គ្រាន់តែល្អមើលប៉ុណ្ណោះទេ។
មានការជាច្រើនដែរ ដែលគ្រិស្ទានធ្វើបន្ថែម ដោយគំនិតយោបល់របស់ខ្លួន ដោយមិនបានយល់ខ្លឹមសារច្បាស់លាស់ ហើយមនុស្សច្រើនទៀត ក៏យល់ស្រប ហើយក៏ជាប់នៅ នាំគ្នាប្រព្រឹត្ដ ក្លាយជាគ្រិស្ទាន្ដប្រពៃណីយ៍ រហូតដល់សព្វថ្ងៃនេះ ដូចការតាំងដើមគ្រិស្ទម៉ាស ឬលោកសាន់តាក្លដ៍ នៅពេលគ្រិស្ទម៉ាស នឹងមានពងមាន់ ឬពងទន្សាយ នៅពេលបុណ្យរំព្ញក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ ទាំងហៅបុណ្យនោះថា អ៊ីសស្ទើរ៍ ជាជាងហៅថា បុណ្យព្រះមានព្រះជន្មរស់ឡើងវិញ ព្រោះវាស្រួលហៅជាង (ខ្ញុំនិយាយនេះសំរាប់អ្នកនិយាយភាសាអង់គ្លេស៍) តាមពិតការទាំងនេះ គ្មានន័យអ្វីទាំងអស់ សំរាប់គ្រិស្ទាន ការទាំងនេះគឺមកតែ ការយល់ព្រះបន្ទូល ឬជំនឿមិនច្បាស់លាស់ ដែលគួរឱ្យស្ដាយ តាមពិតព្រះអម្ចាស់ និងព្រះគម្ពីររបស់ទ្រង់ធំហួសប្រមាណ មិនគួរយើងបន្ថែម ឬបន្ថយទៅតាមការនឹកឃើញ ឬក៏ធ្វើតាមមនុស្សនោះឡើយ។
ម្យ៉ាងទៀតព្រះគម្ពីរមានន័យជ្រៅ ហើយអាថ៌កំបាំងផងនៅកន្លែងខ្លះ ហើយព្រះវិញ្ញាណ ជាអ្នកប្រកប្រែអាថ៌កំបាំងនោះ នឹងអត្ថន័យនៃព្រះបន្ទូល ដូច្នេះព្រះគម្ពីរសំរាយ លែងជាព្រះគម្ពីរ ឬជាព្រះបន្ទូលពិតប្រាកដទៀតហើយ ព្រោះមនុស្សម្នាក់ ឬមនុស្សមួយក្រុមបានប្រែបន្ថែម ដោយគំនិតយោបល់ របស់មនុស្ស ប៉ុន្ដែបងប្អូនខ្លះ យល់ថាវាជាការល្អ សំរាប់បងប្អូនថ្មី ឬអ្នកមិនទាន់ជឿ ប៉ុន្ដែបញ្ហាដែលសំខាន់នោះគឺ អត្ថន័យដែលមនុស្សបកប្រែបាននោះ បានយល់ជាប់ក្នុងចិត្ដមនុស្សនោះ មួយវិញទៀតមនុស្ស ដែលមិនទាន់ជឿ មិនអាចយល់ព្រះគម្ពីរបានទេ លើកលែងតែព្រះវិញ្ញាណ ស្ថិតនៅជាមួយប៉ុណ្ណោះ។
បងប្អូនកិច្ចការ ដែលគ្រិស្ទានធ្វើ ដោយមិនស្រប តាមព្រះហឬទ័យ គឺដោយប្រើគំនិត យោបល់ខ្លួនឯង ដោយមិនតាម ព្រះវិញ្ញាណណែនាំ ជាការឥតប្រយោជន៍សំរាប់នគរព្រះ ខ្ញុំមិនទិះទៀតថាខុស ឬមានទោសនោះទេ តែខ្ញុំគិតថាវាជាការ ឥតប្រយោជន៍ នឹងនាំឱ្យខាតពេលវេលា សំរាប់កិច្ចការព្រះ គឺវាគ្រាន់តែជាសំណង់ដែលធ្វើ អំពីឈើ ឬស្លឹក សង់លើជើងជញ្ជាំង, គ្រិសថ្ម ដែលសង់រួចហើយប៉ុណ្ណោះ ដូចជាសាវ័កប៉ូល ប្រាប់យើងក្នុងព្រះគម្ពីរ កូរិនថូសទី១- ៣៖១៣ ១៣ នោះការដែលអ្នករាល់គ្នាធ្វើនឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញ ពីការនោះយ៉ាងច្បាស់លាស់ព្រោះការនោះ នឹងសំដែងចេញមក ដោយសារភ្លើង ហើយភ្លើងនឹងសាកមើល ការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា…។ ដូច្នេះយើងគួរពិនិត្យ ឱ្យហ្មត់មុនយើង យកអ្វីមួយមកធ្វើ ឬបង្រៀនក្នុងក្រុមជំនុំ ព្រោះពេលវេលាយើងខ្លីណាស់ បើវាគ្រាន់តែជាឈើឬស្បូវ ដែលវាត្រូវតែឆេះទៅឥតប្រយោជន៍ គួរតែចៀសវាងក៏ប្រសើរដែរ។ ក្នុងសេចកី្ដជំនឿរបស់យើង មុននឹងយើងធ្វើ ឬជឿតាមអ្វីមួយគួរតែគិត ឱ្យបានច្រើនផង តើធ្វើដើម្បីអ្វី? តើការនោះធ្វើឡើង សំរាប់នគរព្រះមែនទេ? បើបងប្អូនកាន់ចានទឹក បម្រុងលាងជើងជូនបងប្អូនយើង តើបងប្អូនមានចិត្ដ ជាអ្នកបំរើហើយមែនទេ? បើបងប្អូនវេចនំ ដើម្បីធ្វើបុណ្យភ្ជុំញាតិ តើដើម្បីអ្វីដែរ នៅពេលបុណ្យភ្ជុំ តើដើម្បីអ្វីដែរ? ចង់ញ៉ាំនំអន្សម ឬចង់រក្សាប្រពៃណីយ៍ ឬមិនចង់ឱ្យលោកីយ មើលងាយថា ជាអ្នកក្បត់ប្រពៃណីយ៍? ឬចង់ឱ្យអ្នកស្រុកចូលរួមស្ដាប់ព្រះបន្ទូល? ដូចក្រុមជំនុំខ្មែរមួយចំនួន ដែលធ្វើបុណ្យចូលឆ្នាំខ្មែរ ដើម្បីយកឱកាសដើម្បី ឱ្យអ្នកមិនទាន់បានជឿព្រះ មកស្ដាប់ព្រះបន្ទូល ព្រោះខ្ញុំក៏ធ្លាប់មានគំនិតនេះ ហើយធ្វើការនេះ ប៉ុនែ្ដក្នុងរយៈពេល ជាង១០ឆ្នាំ គ្មានបានអ្វីសោះ សូម្បីតែម្នាក់ មកជឿព្រះតាមរយៈ បុណ្យចូលឆ្នាំនេះក៏អត់សោះ ទើបខ្ញុំភ្ញាក់ខ្លួនថា នេះមិនមែនជាព្រះទ័យព្រះទេ ព្រោះព្រះមិនសព្វព្រះហឬទ័យ នឹងបុណ្យចូលខែ របស់ប្រពៃណីយ៍របស់មនុស្សទេ គំនិតយើងនៅពរលខ្លះ មើលទៅដូចជា ត្រឹមត្រូវល្អណាស់ដែរ តែខុសនឹងព្រះហឬទ័យព្រះ ដូចលោកពេត្រុសចង់ការពារ ព្រះយេស៊ូវមិនចង់ឱ្យទ្រង់ទៅសុគតទេ តែព្រះយេស៊ូវបានហៅការនោះ ជាគំនិតអារក្សសាតាំងវិញ លេវេលានេះ អារក្សវាកំពុងជ្រួលច្របល់ ដើម្បីបង្វែរយើងឱ្យខុសផ្លូវ ទៅតាមវាដោយមិនដឹងខ្លួន ចូរប្រុងប្រយ័ត្ន។
សូមព្រះទ្រង់ប្រទានពរ
ដោយក្រុមជំនុំសហគមន៍ខ្មែរ