Scripture: John 3:16
ក្រិតវិន័យចុងក្រោយ
មុនដំបូងយើងចង់សួរថា អ្វីទៅដែលហៅថា អំពើបាប? មនុស្សស្ទើរតែគ្រប់គ្នា គ្រប់សាសន៍ ស្គាល់ពាក្យថា “បាប“ ប៉ុន្ដែមនុស្សបាន ឱ្យអត្ថន័យ ទៅលើពាក្យនេះ ផ្សេងៗគ្នា ទៅតាមការយល់ឃើញ តាមការចេះដឹង តាមជំនឿសាសនា ផ្ទាល់ខ្លួនម្នាក់ៗទៅវិញ។ នៅពេលនេះខ្ញុំសុំឱ្យបងប្អូនចូលរួម ពិចារណាអំពី អត្ថន័យនៃពាក្យថា “បាប“ នេះជាមួយគ្នា។
- ពាក្យថា “បាប“ ក្នុងន័យទូទៅ៖ “បាប“ មានន័យថា ធ្វើខុស ធ្វើអាក្រក់ ឬ មិនស្គាប់បង្គាប់ ឧទាហរណ៍ថា ខ្ញុំធ្វើបាបនឹងអ្នកហើយ គឺបានធ្វើខុស ឬធ្វើអាក្រក់នឹងអ្នកហើយ។ សួរថាតើខ្ញុំត្រូវមានទោសទេ? ចម្លើយគឺយោល ទៅតាមទំនាក់ទំនង រវាងខ្ញុំនឹងអ្នក នឹងអំណាច ឋានៈម្នាក់ៗ ដូចជាឱពុកនឹងកូន បើកូនធ្វើបាបនឹងឱពុក គឺយោលទៅតាម តើបាបឬការ ធ្វើខុសនោះប៉ុណ្ណា តើឱពុកនោះ កាចតឹងរ៉ឹងប៉ុណ្ណា ឬមានសេចក្ដីស្រឡាញ់ មេត្ដាករុណា ដល់កូនប៉ុណ្ណា ចំណែកឯកូនវិញ តើមានប្រតិកម្ម ទៅការប្រព្រឹត្ដ របស់ខ្លួននោះយ៉ាងម៉េចដែរ? តើដឹងថាខ្លួនខុសឬទេ? តើមានសុំទោសឱពុកឬទេ? ឬក៏ រឹតតែធ្វើផ្គេនថែមទៀត? ដូច្នេះអំពើបាប នឹងទោស ឬទណ្ឌកម្ម ដែលត្រូវទទួលនោះ គឺគ្មាន កំរិតព្រំដែន ស្ដង់ដាដ៍ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ពិតប្រាកដនោះទេ គឺតែយោលទៅតាម ស្ថានភាព នឹងកាលៈទេសៈទាំងអស់។
- ពាក្យថា “បាប“ ក្នុងន័យ ជំនឿ សាសនា៖ “បាប“ មានន័យថា ធ្វើខុស នឹងក្រិតវិន័យ របស់ ព្រះដែលយើងជឿ បើសាសនា ហ៊ិនឌូ គេធ្វើបាបនឹងព្រះវិស្ណុការ ឬ ព្រះនរាយ ឬព្រះហនុមាន (ជាព្រះមួយក្នុងជំនឿ ហិនឌូដែរ) ចំណែក ឯអំពើបាប នឹងទណ្ឌកម្ម គឺយោលទៅតាម ប្រព័ន្ធនៃជំនឿ របស់សាសនានោះ។ ដើម្បីយល់ច្បាស់ជាងនេះ សូមយើងពិចារណា ជាមួយគ្នាអំពើ ព្រះពុទ្ធសាសនា ដែលយើងស្គាល់ច្បាស់ ថាតើព្រះពុទ្ធបានហាម មិនឱ្យធ្វើអី្វខ្លះ ជាចម្បង? គឺកុំសម្លាប់ ទាំងមនុស្ស ទាំងសត្វ កុំជេរប្រមាថ កុំខឹង គឺឱ្យចេះខន្ដី អត់ធ្មត់ កុំលោភលន់ កុំទទួលទានសុរា ឬស្រា កុំឆរបោកគេ កុំកុហក បើក្រិតវិន័យ ទៅលើភិក្ខុសង្ឃវិញ នោះរឹតតឹងតែង ខ្លាំងជាងទៅទៀត សួរថាតើ ទាំងអស់គ្នាធ្វើបានទេ? ទាំងគ្រហស្ថ ទាំងសង្ឃ ទាំងរាស្រ្ដ នាម៉ឺន មន្រ្ដី? តើអ្នកក្រប៉ុន្មាននាក់ ដែលមិនដាក់មង ឬស្ទូចត្រី មិនសម្លាប់មាន់ទា ដើម្បីទទួលទាន តើមានប៉ុន្មាននាក់ ដែលមិនទះមូស ដែលខាំខ្លួន តើមានមន្រ្ដី ប៉ុន្មាននាក់ដែលមិនជិះជាន់ សង្កត់សង្កិនរាស្រ្ដ? តើមានសង្ឃប៉ុន្មានអង្គ ដែលមិនលោភលន់ ចង់បាន? មានប៉ុន្មានអង្គ ដែលគិតតែស្មឹងស្មាត សង្ក្រំភាវនាធម៌? តើបងប្អូនពិនិត្យឃើញ សង្គមខ្មែរយើងសព្វថ្ងៃ យ៉ាងណាដែរ ចំពោះអំពើ បុណ្យនិងបាប ដែលព្រះពុទ្ធ បានបង្រៀនមក? តើមនុស្សប៉ុន្មាននាក់ ដែលបានខ្លាចបាប ហើយខំធ្វើតាម? បើអត់ទេ តើត្រូវទទួល ទណ្ឌកម្មទេ? តើព្រះពុទ្ធនឹងកាត់ទោស ធ្វើទណ្ឌកម្ម ដល់អ្នក ដែលប្រព្រឹត្ដបាប ទាំងនេះទេ? បើយើងឆ្លើយដោយស្មោះត្រង់នោះ គឺថាអត់ទេ ព្រោះព្រះពុទ្វ មិនមែនជាព្រះ ដែលមានអំណាច ក្នុងការកាត់ទោស មនុស្សនោះទេ ព្រះពុទ្ធ គ្រាន់តែ ជាព្រះបរមគ្រូ គឺគ្រូដ៏ល្អ ដ៏ប្រសើរ ជាអ្នកឱ្យដំបូន្មានល្អ ជួយបង្រៀន ណែនាំ បង្ហាញ ផ្លូវល្អប៉ុណ្ណោះ ប៉ុន្ដែមនុស្ស ត្រូវទទួលកម្មផល គឺមានន័យថា មនុស្សត្រូវ បានទទួលផល ពីកម្ម ឬអំពើដែលខ្លួន បានប្រព្រឹត្ដ គឺធ្វើល្អបានផលល្អ នឹងធ្វើអាក្រក់ បានផលអាក្រក់។
- ពាក្យថា “បាប“ ក្នុងន័យ ព្រះ៖ “បាប“ មានន័យថា ធ្វើខុស នឹងក្រិតវិន័យ របស់ ព្រះ គឺមិនស្ដាប់បង្គាប់ព្រះ ហើយព្រះនេះ គឺជាព្រះដែលបង្កើត ស្ថានសួគ៍, ផែនដី មនុស្សនិងរបស់ ទាំងអស់ផង គឺព្រះលើទាំងអស់។ មនុស្សកើត ពីពោះម៉ែមក ខ្លួនទទេ ឥតមានខោអាវ ក៏ឥតមានស្គាល់ឬជឿ ព្រះដែរ បើមិនបានជឿ ស្គាល់ព្រះទេ នោះក៏ឥតដឺងឬស្គាល់ ក្រិតវិន័យរបស់ទ្រង់ដែរ ដូច្នេះមនុស្ស នឹងប្រព្រឹត្ដខុស នឹងព្រះបន្ទូលមិនខាន ដូច្នេះមនុស្ស បានកើតមក ជាមួយ អំពើបាប រួចទៅហើយ ទោះតែគេមិនទាន់ បានប្រព្រឹត្ដអ្វីខុស នៅឡើយក៏ដោយ (ប៉ុន្ដែព្រះមិនបានរាប់ថា ជាមានទោសទេ នៅពេលដែលគេនៅ ក្មេងមិនទាន់ដឹងអី នៅឡើយ) តែនៅពេលមនុស្សធំដឹងក្ដី គេមិនអាចស្គាប់បង្គាប់ ឬធ្វើតាមព្រះបានទេ ព្រោះមិនស្គាល់ទ្រង់ ដូច្នេះមនុស្សគ្រប់គ្នា បានមានបាប។ លើសពីនេះ នៅពេលមនុស្ស បានស្គាល់ ជឿព្រះ ហើយចេះដឹង គ្រប់ទាំងក្រិតវិន័យ តែធ្វើតាមព្រះ ទាំងអស់មិនបាន ព្រោះសេចក្ដីកំសោយ នឹងសេចក្ដីលោភលន់ នៃសាច់ឈាម ចេះតែនាំឱ្យ ធ្វើបាបខ្លះៗ ជាបន្ដទៅទៀត បើដូច្នេះតើមានអ្វីធ្វើឱ្យមនុស្ស រួចពីបាបបាន? ព្រះបន្ទូលរបស់ព្រះបានចែងថា ‹ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ› ហើយឈ្នួល របស់អំពើបាបនោះ ជាសេចក្តីស្លាប់ គឺអំពើបាបនេះ ត្រូវបង់ថ្លៃជាសេចក្ដីស្លាប់ គឺមនុស្សត្រូវតែស្លាប់ គឺបង់ជីវិត ដោយសារអំពើបាបនេះឯង។
- ក្រិតវិន័យ ចុងក្រោយ នឹងអំពើបាប- គ្មានក្រិតវិន័យ ឬអំណាចណា មកបញ្ឈប់អំពើបាប របស់មនុស្សបានទេ ប៉ុន្ដែព្រះមិនអស់សមត្ថភាព ក្នុងការជួយសង្រ្គោះមនុស្សឱ្យរួច ពីសេចក្ដីស្លាប់នោះទេ ព្រោះទ្រង់ស្រឡាញ់ មនុស្សលោកជាខ្លាំង ដូច្នេះហើយបានជា ទ្រង់បញ្ជូន ព្រះរាជបុត្រាទ្រង់ មកសុគត នៅលើឈើឆ្កាង សងថ្លៃបាប របស់មនុស្សលោក។ ក្នុងគម្ពីរ យ៉ូហាន ៣៖១៦ បានចែងថា៖ ដ្បិតព្រះទ្រង់ ស្រឡាញ់មនុស្សលោក ដល់ម៉្លេះ បានជាទ្រង់ ប្រទានព្រះរាជបុត្រាទ្រង់ តែ១ ដើម្បីឲ្យអ្នកណា ដែលជឿដល់ ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិត អស់កល្បជានិច្ចវិញ។ នេះជាក្រិតវិន័យចុងក្រោយ ក្រិតវិន័យនេះមិនបានហាមឃាត់ ដូចជាក្រិតវិន័យមុនៗទេ តែបង្គាប់ឱ្យ ទទួលជឿដល់ ព្រះរាជបុត្រា គឺព្រះយេស៊ូវគ្រិស្ទ ដែលបានមកសុគត ដើម្បីបង់ថ្លៃបាប របស់មនុស្ស គឺមានន័យថា យើងត្រូវទទួលយក ការសុគតរបស់ទ្រង់នោះ ទៅបង់ជំនួស សេចក្ដីស្លាប់របស់យើង ដើម្បីឱ្យយើង បានទទួល ជីវិតវិញ ។ នៅក្នុងប្រទេសនិមួយៗ តែងតែមានច្បាប់ បើអ្នកណាមួយ ប្រព្រឹត្ដខុសច្បាប់ ណាមួយ ត្រូវតែទទួលទោស ធ្ងន់ឬស្រាល ទៅតាមច្បាប់ ដែលបានចែង ទោសខ្លះត្រូវពិន័យ ជាប្រាក់ ខ្លះត្រូវជាប់ទោស ក្នុងមន្ទីឃុំឃាំង នឹងទោសធ្ងន់ខ្លះទៀត ត្រូវប្រហារជីវិត ផងក៏មាន។ ឧទាហរណ៍ បើបើកឡាន ហួសល្បឿនកំណត់ នោះត្រូវបង់ ២០០ ដុល្លា ទៅរដ្នាភិបាល ជាអ្នក បង្កើតច្បាប់ នឹងជាអ្នក គ្រប់គ្រងប្រទេស។ បើមិនបង់ថ្លៃនោះទេ អ្នកនោះនឹងមិនត្រូវ រួចទោសឡើយ គឺមានឈ្មោះ ក្នុងបញ្ជី អ្នកមានទោសរហូត បើចង់ឱ្យរួចទោស ត្រូវតែបង់ថ្លៃពិន័យ ២០០ដុល្លានោះ ជាដាច់ខាត ទោះអ្នកណា បង់ជំនួស ក៏បានដែរ ឱ្យតែ គ្រប់ចំនួននោះ។ ទោសនៃអំពើបាប គឺជាទោសធ្ងន់ ត្រូវបង់ជីវិត ដូច្នេះហើយ បានជាព្រះយេស៊ូវ មកសុគតជំនួស ដើម្បីឱ្យអស់អ្នកណា ដែលជឿដល់ទ្រង់នោះ ត្រូវរួចទោស ត្រូវមានឈ្មោះថា ជាអ្នកមានសេរី ក្នុងបញ្ជីជីវិត។ ហើយក្រិតវិន័យនេះ ត្រូវតែអនុវត្ដន៍ ដល់មនុស្សគ្រប់គ្នា ដែលទ្រង់បានបង្កើតមក ដែលនៅក្រោមមេឃ លើដីនេះ ហើយក៏ជាកន្លែង ដែលទ្រង់បានបង្កើត ហើយក៏គ្រប់គ្រងផងដែរ។ ព្រះទ្រង់ មានគ្រប់ ទាំងព្រះចេស្ដា តែទ្រង់មិនប្រើ បារមីទ្រង់ ដើម្បីបង្រ្កាប អំពើបាប របស់មនុស្សនោះទេ ព្រោះវាចំណែកមួយ នៃសេរីភាព ដែលទ្រង់បានប្រទានមក ដល់មនុស្ស ទ្រង់សព្វព្រះហឬទ័យ ឱយមនុស្ស ងាកបែរចេញ ពីអំពើបាបនេះដោយការប្រែចិត្ដវិញ។ ដូច្នេះព្រះ ទ្រង់សព្វព្រះហឬទ័យ ឱ្យមនុស្ស ប្រែចិត្ដ ស្ដាប់បង្គាប់ ធ្វើតាមក្រិតវិន័យ ចុងក្រោយនេះ ដោយគ្រាន់តែ ទទួលជឿ ដល់ព្រះរាជបុត្រាទ្រង់ គឺជាព្រះយេស៊ូវគ្រិស្ទ ដែលជាថ្នូរ ជាតម្លៃពិន័យ ជាថ្លៃលោះបាប ដែលយើងបានប្រព្រឹត្ដ ដើម្បីឱ្យយើងបានជីវិតវិញ ហើយជីវិតនោះ បានរស់អស់កល្ប ជានិច្ចផង។ ហើយនេះក៏មិនមែន មានន័យថា ឱ្យយើងនៅតែបន្ដ ប្រព្រឹត្ដអំពើបាប តាមតែចិត្ដរបស់យើង ទៀតនោះទេ ព្រោះជីវិតថ្មីនេះជាជីវិត ដែលបានប្រោសលោះ ដោយសារព្រះយេស៊ូវគ្រិស្ទ ដូច្នេះវាជាជីវិត ដែលចុះចូលជាមួយព្រះគ្រិស្ទ ដូច្នេះយើងត្រូវ ស្រឡាញ់ អរគុណ កោតខ្លាច ស្ដាប់បង្គាប់ ដល់ទ្រង់តាម រយៈ ព្រះបន្ទូល។ គ្រាន់តែជឿតាមព្រះយេស៊ូវគ្រិស្ទ ជាក្រិតវិន័យចុងក្រោយ ហើយស្រួល នឹងធ្វើ។ តើបងប្អូនអាចធ្វើបានឬទេ? ដើម្បីឱ្យបានជីវិតរស់។
បើបងប្អូនមានចម្ងល់ កុំខ្លាចនឹងសួរ សូមទាក់ទងនឹងយើងខ្ញុំតាមរយៈ website របស់យើង