ចូលស្ថានសួគ៌ដោយកំបុតដៃ
Scripture: Mark 9:43
ម៉ាកុស ៩៖៤៣, ព្រះគម្ពីរប្រែចាស់
៤៣ បើដៃអ្នកនាំឲ្យ‹‹គេ››រវាតចិត្តនោះចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃវិញជាជាងមានដៃទាំង២ ហើយធ្លាក់ទៅនរក នៅក្នុងភ្លើងដែលពន្លត់មិនបាន។
ក្នុងព្រះគម្ពីរប្រែចាស់ មានការ ប្រើខុសពាក្យថា ‹គេ› ‹‹នាំឱ្យគេរវាតចិត្ដ›› តាមត្រឹមត្រូវគឺ ត្រូវប្រើថា ‹អ្នក› ‹‹នាំឱ្យអ្នករវាតចិត្ដ›› ព្រោះនៅក្នុងគម្ពីរភាសា អង់គ្លេស៍ក៏គេប្រើពាក្សថា ‹‹អ្នក›› ដូចជាគម្ពីរខ្មែរ ប្រែថ្មី ខាងក្រោមនេះដែរ។
Mark 9:43 ម៉ាកុស ៩៖៤៣ , ព្រះគម្ពីរប្រែថ្មី
៤៣ ប្រសិនបើដៃ នាំអ្នកអោយប្រព្រឹត្ត អំពើបាបចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិត មានដៃតែម្ខាងប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរក ដែលមានភ្លើង មិនចេះរលត់។
ពន្យល់៖
ពេលខ្លះ ព្រះបន្ទូល មិនមានន័យត្រង់ៗ ដូចដែលពាក្យថានោះទេ ដូចនៅក្នុងឃ្លានេះ ដែលថា ‹‹កាត់ដៃ›› មិនមែន មានន័យថាឱ្យ កាត់ដៃចោលត្រង់នោះទេ។ បើយើងពិនិត្យមើល ឃើញថា ដៃជា អវយវៈសំខាន់ ជាទីស្រឡាញ់របស់ខ្លួន ទៅណាមកណា ត្រូវជាប់ជាមួយខ្លួន ជានិច្ច ដូច្នេះព្រះបន្ទូល នេះមានន័យថា៖ ឱ្យអ្នកកាត់ អ្វីណា ដែលអ្នកគិតថាសំខាន់ណាស់ តែវាអាចនាំអ្នក ឱ្យធ្លាក់ទៅក្នុងនរកបឹងភ្លើង, ដោយបង្អាក់ចិត្ដអ្នកក្ដី, សកម្មភាពអ្នក មិនឱ្យជឿដល់ព្រះយេស៊ូវ ឬប្រព្រឹត្ដខុសនិងព្រះក្ដី តើអ្នក មាននឹកឃើញអ្វីណាទេ នៅពេលនេះ?
ដូចជាការលួចរបស់គេ, ការយករបស់ក្រុមហ៊ុនមកផ្ទះ, ការលោភលន់ចង់បាន របស់គេ ដោយកេងប្រវ័ញ្ច, ឆរបោក, បន្លំ ដែលអ្នកមានបំណង ប្រាថ្នានៅក្នុងចិត្ដនោះ ត្រូវតែកាត់ចោលចេញ។ បន្ថែមទៀត តើអ្នកមានលួច មានសហាយ ឬផិតក្បត់ ស្រឡាញ់គេ ក្នុងចិត្ដក្រៅពីប្ដីប្រពន្ធអ្នក ហើយវានៅជាប់ ជាមួយអ្នកជារាល់ថ្ងៃទេ? តើអ្នក មានមនុស្ស ជាទីស្រឡាញ់ណា ដែលរំខានអ្នក ឬឃាត់ឃាំងអ្នកមិនឱ្យអ្នក បានជាប់លាប់ ក្នុងជំនឿរបស់អ្នកទេ? ព្រះថាឱ្យកាត់កាល មនុស្សឬរបស់ទាំងនោះ ចោលចេញទៅ ព្រោះការទៅស្ថានសួគ៍ របស់ព្រលឹងអ្នក នោះសំខាន់ជាង លើអ្វីទាំងអស់។
សូមព្រះទ្រង់ប្រទានពរ
ដោយក្រុមជំនុំសហគមន៍ខ្មែរ