អត្ថបទសិក្សាព្រះគម្ពីរ
Scripture: John 9:1-12, យ៉ូហាន ៩៖១-១២
ព្រះយេស៊ូវប្រោសមនុស្សខ្វាក់ពីកំណើត
១ លុះទ្រង់យាងហួសទៅ ក៏ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត ២ ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ ៣ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ ៤ កំពុងដែលថ្ងៃនៅភ្លឺនៅឡើយ នោះត្រូវតែខ្ញុំធ្វើការរបស់ព្រះ ដែលចាត់ឲ្យខ្ញុំមក ដ្បិតយប់ដល់មក នោះគ្មានអ្នកណាអាចនឹងធ្វើការបានទេ ៥ កាលខ្ញុំកំពុងតែនៅក្នុងលោកីយ៍នៅឡើយ នោះខ្ញុំជាពន្លឺនៃលោកីយ៍ ៦ លុះមានព្រះបន្ទូលសេចក្តីទាំងនោះរួចហើយ ទ្រង់ក៏ស្តោះដាក់នៅដី ហើយយកទឹកព្រះឱស្ឋទ្រង់ធ្វើជាភក់ ទៅលាបភ្នែកនៃមនុស្សខ្វាក់នោះ ៧ រួចមានព្រះបន្ទូលទៅគាត់ថា ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ (ស៊ីឡោម គឺស្រាយថា ចាត់ឲ្យទៅ) ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញ ទាំងមើលឃើញ ៨ នោះពួកអ្នកជិតខាង និងពួកអ្នកដែលពីដើមបានឃើញថា គាត់ជាអ្នកសុំទាន គេនិយាយថា អ្នកនេះទេតើ ដែលធ្លាប់តែអង្គុយសុំទានគេ ៩ ខ្លះថា គឺអ្នកហ្នឹងហើយ ខ្លះទៀតថា គាត់ដូចជាអ្នកនោះទេ តែគាត់ឆ្លើយថា គឺខ្ញុំនេះឯង ១០ គេសួរថា ធ្វើដូចម្តេចបានជាភ្នែកឯងបានភ្លឺដូច្នេះ ១១ គាត់ឆ្លើយថា មានម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ឲ្យទៅលាងនៅស្រះស៊ីឡោម ខ្ញុំក៏ទៅលាង ហើយបានភ្លឺឡើង ១២ គេសួរទៀតថា អ្នកនោះនៅឯណា គាត់ឆ្លើយថា ខ្ញុំមិនដឹងទេ។
ពន្យល់អត្ថន័យ៖
ភ្នែកខ្វាក់គឺភ្នែកមើលមិនឃើញ តែខ្វាក់មានច្រើនសណ្ឋាន ដូចជាខា្វក់មាន់ គឺមនុស្សដែលមើលមិនឃើញ នៅពេលយប់ (មនុស្សធម្មតាអាចមើលឃើញ តែមិនបានច្បាស់ដូចពេលថ្ងៃទេ) ខ្វាក់មួយទៀតខ្វាក់ពណ៌ មនុស្សខ្លះ មិនអាចឃើញ គ្រប់ពណ៌ទាំងអស់ទេ អ្នកខ្លះពណ៌ខៀវ មើលឃើញជា បៃតងទៅវិញក៏មាន តែរឿងក្នុងអត្ថបទនេះនិយាយពីមនុស្សម្នាក់ ដែលខ្វាក់ពីកំណើត គឺមើលមិនឃើញអី្វទាំងអស់ តាំងពីកើតមក
ក្នុងខ២- សិស្សសួររកហេតុផល ដែលនាំឱ្យខ្វាក់ពីកំណើតនេះ តែព្រះយេស៊ូវបានឆ្លើយ ដោយមិនដាក់កំហុស ទៅលើអ្នកណាមា្នក់ទេ តែការអាក្រក់នេះ គឺដើម្បីសរសើរ ដំកើងព្រះវិញ ដោយទ្រង់បានព្យាបាល គេឱ្យភ្នែកបានភ្លឺ។ លើសពីនេះ ទ្រង់បាន បញ្ជាក់ថា នៅពេលដែលទ្រង់ នៅលើផែនដីនៅឡើយ នោះទ្រង់ជាពន្លឺនៃផែនដី គឺទ្រង់ជាអ្នកធ្វើឱ្យ មនុស្សបានភ្លឺ មើលឃើញ តើមនុស្សខ្វាក់នេះបាន មើលឃើញអ្វីខ្លះក្រោយពីភ្នែកគាត់បានភ្លឺ? គឺឃើញពន្លឺ របស់សព្វសារពើរ ឱពុកម្ដាយជាអ្នកបង្កើតគាត់ ជាពិសេស គឺឃើញហើយស្គាល់ ព្រះដែលប្រោសខ្លួនឱ្យភ្លឺនោះឯង។ ហេតុដូចម្ដេចបានជាព្រះយេស៊ូវ មានបន្ទូលថាទ្រង់ជាពន្លឺនៃផែនដី? តើព្រះអាទិត្យ មិនភ្លឺដល់ផែនដី ទេឬអី? ប្រាកដច្បាស់ណាស់ មនុស្សមានភ្នែក មើលឃើញ របស់ច្រើនណាស់ដោយ សារ ពន្លឺថ្ងៃ តែមនុស្សនៅខ្វាក់ មើលមិនឃើញ របស់ច្រើនទៀតណាស់ ដូចជាខ្ញុំបានរំព្ញកពីខាងដើមថា មនុស្សខ្វាក់មានច្រើនសណ្ឋាន។ តើមានមនុស្សប៉ុន្មាននាក់ ដែលខ្វាក់ពីកំណើត? តាមពិតមនុស្សទាំងអស់ បានខ្វាក់ព្រះ តាំងពីកំណើតមកម្លេះ គឺមើលមិនឃើញព្រះ តាំងពីកើតមក អ្នកខ្លះគ្រាន់តែឮគេថាប៉ុណ្ណោះ រហូតដល់ព្រះប្រោសឱ្យភ្លឺ ទើបអាចមើល ឃើញទ្រង់ពិតប្រាកដ លើសពីនេះមនុស្ស ដែលបានប្រោស ហើយនោះអាចឃើញស្ថានសួគ៍ ឃើញហើយស្គាល់ជីវិតខ្លួនឯងពិតបា្រកដ គឺដឹងថាមកពីណា ហើយនឹងទៅទីណាទៀត ពុំនោះទេមនុស្ស នៅតែខ្វាក់ហើយចចេសទៀត។
ដើម្បីព្យាបាលជម្ងឺខ្វាក់ពីកំណើតនេះ គឺត្រូវតែបន្ទាបខ្លួន ស្រែករកព្រះយេស៊ូវ ឱ្យទ្រង់បានប្រោស ទើបជាបាន គ្មានព្រះដទៃណា មានលិទ្ធភាព ព្យាបាលជម្ងឺនេះបានទេ ពុំនោះទេ នៅតែខ្វាក់ ហើយចចេសថា ខ្លួនភ្លឺ។ ដើម្បីឱ្យបានដឹងថា បងប្អូនភ្លឹ ឬខ្វាក់ ព្រះនោះ ត្រូវសួរខ្លួនឯងថា តើបងប្អូនស្គាល់ព្រះពិតឬទេ? បើបងប្អូនស្គាល់ព្រះពិត នោះបងប្អូន នឹងឃើញ ហើយស្គាល់ច្បាស់ អំពីជីវិតរបស់បងប្អូន ថាបានមកពីណា ហើយនឹងទៅណាទៀត ព្រោះព្រះទ្រង់ជាពន្លឺ គឺមិនមែនដោយនៅសង្ស័យ ឬស្មាន ឬដោយប្រថុយ ឬដោយឮគេថានោះទេ គឺបងប្អូនអាចដឹងច្បាស់ណាស់ បងប្អូនជឿតាមគេ ឬតាមប្រពៃណីយ៍ ដូនតា ឬក៏ដឹងយល់ច្បាស់ដោយខ្លួនឯង។
សូមព្រះដ៏មានព្រះជន្មរស់ប្រទានពរដល់បងប្អូន