ការសម្រេចចិត្ដត្រឹមត្រូវល្អ
ការសម្រេចចិត្ដ គឺជាការចាំបាច់ សម្រាប់មនុស្សគ្រប់គ្នា គ្រប់សាសន៍ មនុស្សម្នាក់ៗ ត្រូវតែធ្វើជាប្រចាំ ជានិច្ច មានតូចមានធំ យោលទៅតាមបញ្ហា ដែលចោទឡើង។ ការសម្រចចិត្ដ គឺជាការ អារកាត់ចុងក្រោយ របស់ឆន្ទៈ ក្រោយពីការប្រជុំពិភាក្សា រវាងគំនិត នឹងអារម្មណ៍ ដោយមានការប្ដូរ គំនិតយោបល់ ថ្លឹងថ្លែងពីហេតុផល ដោយពឹងផ្អែកទៅលើ តំរេះប្រាជ្ញា ចំណេះវិជ្ជា នឹងចំណង់ចំណូលចិត្ដរបស់មនុស្សម្នាក់ៗ ដូច្នេះហើយ ទើបពេលខ្លះ មានការសម្រេចចិត្ដ ខុសផ្សេងគ្នា ក្នុងរឿងតែមួយ ។ ការសម្រចចិត្ដខ្លះមានតែម្ដងទេ ក្នុងមួយជីវិត ការសម្រេចខ្លះទៀត មិនអាចផ្លាស់ប្ដូរបានទេ, ការសម្រេចចិត្ដខ្លះត្រូវចំណាយពេលយ៉ាងយូរដើម្ពីគិតពិចារណា ឯខ្លះទៀតត្រូវសម្រេចជាបន្ទាន់ ខ្លះអាចពន្យារពេលបាន តែខ្លះទៀតមិនបានទេ ចំណែកឯការសម្រេចចិត្ដខ្លះ ក៏ទាក់ទងនឹងអាយុ ជីវិតខ្លួនផ្ទាល់ ឬក៏របស់អ្នកដទៃផងក៏ថាបានដែរ។ ប៉ុន្ដែក៏មានអំពើរខ្លះដែរ ដែលមនុស្សបានធ្វើ មិនដោយសារការសំរេចចិត្ដរបស់ខ្លួនទេ ដូចជាការចេះនិយាយភាសាកំណើត ឬមួយក៏មានជំនឿទៅលើអារក្ស អ្នកតា ឬទៅលើព្រះពុទ្ធសាសនា នោះមិនមែនជាការសម្រេចចិត្ដរបស់យើងទេ គឺយើងចេះឬធ្វើតាម តពីឱពុកមា្ដយ នឹងសង្គមដែលយើងបានកើតមក។ ពេលខ្លះទៀត មនុស្សក៏ឥតមានជម្រើស ក្នុងការសម្រេចចិត្ដដែរ មនុស្សក៏មិនអាចសម្រេចចិត្ដ ចង់បានកូនជាស្រីឬប្រុស ឬជាសាសន៍ណាមួយដទៃបានទេ មនុស្សក៏មិនអាចរើសយក ថ្ងៃមរណារបស់ខ្លួនបានដែរ។ មួយទៀត បើសួរថា តើកំហឹង កើតមក ពីការសម្រេចចិត្ដដែរឬទេ?ជាច្រើនដង កំហឹងមិនមែន កើតពីការសម្រេចចិត្ដនោះទេ ប៉ុន្ដែវាប្រតិកម្មរបស់អារម្មណ៍ ទៅលើអ្នកណាម្នាក់ ឬអ្វីមួយ ដែលខុសពីបំណងចិត្ដរបស់ខ្លួន កំហឹងគឺជាអារម្មណ៍ ខឹងឆេះឆួល កើតឡើងយ៉ាងឆាប់រហ័រ ដែលគ្មានការគិតពិចារណា ឱ្យបានត្រឹមត្រូវល្អិតល្អន់ទេ មនុស្សប្រហែលជា មានការពិបាក ក្នុងការត្រួតត្រាខ្លួនមិនឱ្យខឹង ប៉ុន្ដែមនុស្ស មានលិទ្ធភាពក្នុងការសម្រេចចិត្ដ ក្នុងការប្រព្រឹត្ដរបស់ខ្លួន ការប្រព្រឹត្ដទៅតាមកំហឹងរបស់ខ្លួន អាចបណ្ដាលឱ្យមានគ្រោះថ្នាក់បំផុត យកល្អ មនុស្សមិនត្រូវ សម្រេចចិត្ដ ធ្វើអ្វី មួយក្នុងពេល មានកំហឹងនោះឡើយ។ ការសម្រេចចិត្ដនេះ សំខាន់ណាស់ ក្នុងជីវិត របស់មនុស្សម្នាក់ៗ ព្រោះការសម្រេចចិត្ដ និមួយៗ តែងតែទទួលលិតផលពីការនោះ ជាមិនខាន។ ផលនៃការសម្រេចចិត្ដនេះ ក៏អាចប៉ះពាល់ដល់អ្នកដទៃដែរ ច្រើនឬតិចយោលទៅតាមមុខដំណែង និងការងារ នៃអ្នកសម្រចចិត្ដ ជាពីសេសការសម្រេចចិត្ដរបស់អ្នកដឹកនាំ ឧទាហរណ៍ ក្នុងកំឡុងឆ្នាំ១៩៤២ ប្រជាជនជ្វីសជាច្រើនបានត្រូវស្លាប់យ៉ាងរង្គាល ដោយសារការសម្រេចចិត្ដ របស់ លោកហ៊ីសធ្លែរ៍ ចំណែកឯវាលពិឃាដនៅស្រុកខ្មែរ ក៏នាំមកនូវភាពវិនាស សោកនាណកម្ម ដល់ជនជាតិខ្មែរ យ៉ាងសម្បើម រហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែ ការសម្រចចិត្ដអ្នកនយោបាយខ្មែរនេះដែរ។ ម៉្យាងទៀត ផលដែលកើតមក ពីការសម្រេចចិត្ដនេះមានរយៈពេលរបស់វា ហើយផលនេះទៀតសោត ក៏មិនទៀងទាត់ដែរ គឺផលខ្លះអាចប៉ាន់ស្មានបាន តែខ្លះទៀតពិបាក ទោះទាយណាស់។ នៅសហរដ្ឋ បើអ្នកសម្រេច ទៅធ្វើការ នោះនឹងបាន ទទួលបា្រក់ឈ្នួល ក្នុងរយៈពេលមួយអាទិត្យ ឬពីរអាទិត្យក្រោយមក។ បើសម្រេចចិត្ដ បណ្ដុះសណ្ដែក នោះនឹងអាចបានសណ្ដែកបណ្ដុះ ក្នុងរយៈពេលបីឬបួនថ្ងៃ បើសម្រេចចិត្ដ ដាំបន្លែថ្ងៃនេះ ប្រហែលពីរ ឬបីខែក្រោយ ទើបបានផល បើដាំដើមស្វាយឬដូង ប្រហែលត្រូវចាំរហូតដល់ទៅ ៤ឬ៥ឆ្នាំ ទើបបានផលផ្លែ តែបើដាំដើមត្នោត ឬដើមល៉្មើវិញ នោះរឹតតែយូរឆ្នាំមែនទែន ទើបបានផ្លែ ឬមួយក៏មិនបាន ទទួលផលនោះផងក៏មិនដឹង បើសិនជាយើងមានអាយុច្រើនហើយ ទើបសម្រេចចិត្ដដាំវា ដូច្នេះត្រូវសម្រេចឱ្យទាន់ពេលវេលា តែបើយើង មិនសម្រេចចិត្ដ វិញនោះផលអ្វី ក៏ឥតបានទាំងអស់ គឹពាក្យចាស់លោកថា ដេកចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។
ចំណែកឯការសម្រេច ជឿដល់ព្រះយេស៊ូវ វិញនោះនឹងបានទទួលផល នូវជីវិតអស់កល្បជានិច្ច ភ្លាមមួយរំពេច តែមិនអាចឃើញឱ្យបានច្បាស់លាស់ មួយរំពេចនោះទេ ព្រោះជីវិតអស់កល្បជានិច្ច នេះសំដៅទៅលើ ជីវិតអស់កល្បរបស់ ព្រលឹងវិញ្ញាណ ឥឡូវនេះជិវិតយើង រស់នៅជាសាច់ឈាម ជាប់ជាមួយ ព្រលឹងវិញ្ញាណ ដូច្នេះទាល់តែសាច់ឈាមនេះ បានដាច់ចេញពីព្រលឹង គឹនៅពេលយើងស្លាប់ទើបយើងអាចឃើញ ច្បាស់ពីផលនេះបាន ដូច្នេះហើយ បានជាការសម្រេចចិត្ដបែបនេះ គឺពឹងផ្អែក ទៅលើជំនឿទាំងស្រុង ប៉ុន្ដែមិនមានអ្វីនាំ ឱ្យខាតបង់ ហិនវិនាសនោះទេ តែផ្ទុយទៅវិញ នាំឱ្យចំណេញ ជីវិតដ៏អស់កល្ប ដែលមនុស្សគ្រប់គ្នា ប្រាថ្នាចង់បាន តែគ្រាន់តែមិនជឿប៉ុណ្ណោះ តែជឿ ឬមិនជឿគឺជាការសម្រេចចិត្ដ ឬមួយសម្រេចចិត្ដជឿ ឬមិនជឿប៉ុណ្ណោះ?
ដោយសារការសម្រេចចិត្ដនេះ ជាប្រធានបទមួយ ធំទូលាយ ហើយត្រូវចូលរួមនូវកត្ដាជាច្រើនទៀតនោះ ខ្ញុំនឹងជំរាបជូនតែលំនាំខ្លីៗ សំខាន់ៗក្នុងការសម្រេចចិត្ដប្រចាំជីវិត ជារៀងរាល់ថ្ងៃប៉ុណ្ណោះ។
ការសម្រេចចិត្ដ ឱ្យបានត្រឹមត្រូវ ហើយទទួលបានផលល្អនោះ ត្រូវ ទាក់ទងនឹងកាលៈទេសៈ ហើយរួមនឹង ចំណេះចេះដឹង នឹងការឈ្លាសវៃ ដែលការទាំងនេះយើង អាចរកបានតាមរយៈព្រះបន្ទូលនៃព្រះ ដូច្នេះការសម្រេចចិត្ដ ដែលល្អត្រឹមត្រូវ ត្រូវតែពឹងផ្អែក ទៅលើសេចក្ដីសុចរិត របស់ព្រះ ដូច្នេះមុននឹងសម្រេចចិត្ដ ដើម្បីដោះស្រាយ ឬធ្វើអ្វីមួយ ត្រូវតែសួរថា តើការសម្រេចចិត្ដនោះ
- ដោយមានសេចក្ដីលោភលន់ ច្រណែនទិន្ទាឬទេ?
- តើអាចមានប៉ះពាល់ ផលអាក្រក់ ដល់អ្នកដទៃឬទេ? ទោះក្រុមគ្រួសារឬរាស្រ្ដប្រជាក្ដី
- តើមានការស្មោះត្រង់ឬទេ? ឬក៏មានការលាក់ពុតណាមួយ?
- តើដើម្បីជាអាត្មានិយមឬទេ? គឺដើម្បីតែមុខមាត់ អំណាចផ្ទាល់ខ្លួនឬ?
- ដាច់ខាតមិនត្រូវសម្រេចចិត្ដ នៅពេលមានកំហឹង ឡើយ។
ចំពោះគ្រិស្ទានស្មោះត្រង់ ពិតប្រាកដ ការសម្រេចចិត្ដនេះ មិនមានការពិបាកហួសខ្នាតនោះទេ ព្រោះយើងមានគម្រោង គោលការណ៍ច្បាស់លាស់ គឹយើងត្រូវសម្រេចចិត្ដ តម្រូវតាមព្រះហឬទ៍យ របស់ព្រះអម្ចាស់នៃយើង។
សេចក្ដីជូនដំណឹង៖ ដោយសារ វ៉ិបសៃនេះ បានដម្លើងថ្លៃឈ្នួល ប្រចាំខែថែមទៀត ដែលយើងមិនមានដង្វាយ គ្រប់ល្មមនឹងបន្ដរការផ្សាយ របស់យើងនេះបានតទៅទៀត នោះយើងនឹងបញ្ចប់ការផ្សាយ លើវ៉ិបសៃនេះ ក្នុងពេលខ្លីខាងមុខ ដូច្នេះសូមបងប្អូន ចូលទៅក្នូងវ៉ិបសៃ របស់ព្រះវិហារយើង ផ្ទាល់តែម្ដង គឺ៖www.cambodiancc.org
សូមព្រះទ្រង់ប្រទានពរដល់បងប្អូន