ផ្លូវរបស់មនុស្ស
មនុស្សដែលដឹងថាខ្លួនឆ្កួត មនុស្សនោះ នៅមិនទាន់ឆ្កួតស៊ុប នៅឡើយទេ។ មនុស្សដែលញៀន ជក់បារី ហើយដឹងថា នឹងអាចនាំឱ្យ កើតរោគ មហារីកសួត ឬមនុស្ស ប្រមឹក ដែលដឹងថា នឹងនាំឱ្យ រលាកថ្លើម មនុស្សទាំងនេះ គេនឹងខំ រកមធ្យោបាយ កាត់បន្ថយ ឬរកថ្នាំទប់ស្កាត់ តែបើស្លាប់ ដោយការ ទ្រាំអត់មិនបាននោះ ក៏មានការ អាណិត អាសូរ ពីមនុស្សច្រើនដែរ ព្រោះគ្នាគ្មានសម្មតិភាព នឹងទប់ទល់ លើសពីនេះ មនុស្សក៏អាចដឹងថា ខ្លួននិយាយ ដើមគេ ខ្លួនជា មនុស្សលោភ ខ្លួនជាមនុស្សខឹង ឆេវឆាវច្រើន ជាមនុស្ស មានគំនុំ ខ្លួនជាមនុស្សរញ៉ីរញ៉ៃ នាំឱ្យមានបញ្ហា ក្នុងគ្រួសារ ឬ សង្គមមនុស្ស។ មនុស្សដែលដឹងថា ខ្លួនមានបញ្ហា នោះរាប់ថា ជាការល្អ ព្រោះគេនឹង ស្វែងរក មធ្យោបាយ កាត់បន្ថយ ឬដោះស្រាយ ឬរកថ្នាំដើម្បី ព្យាបាលរោគ របស់ គេ។ គ្រិស្ទានបានរាប់បញ្ចូល ក្នុងមនុស្សប្រភេទនេះ តែយើងអាច មើលឃើញ អំពី បញ្ហា របស់យើង ជាច្រើនទាំងនេះ គឺមិនមែនដោយ សារ គំនិតប្រាជ្ញា របស់យើងទេ តែគឺដោយសារ ពន្លឺមកពីព្រះវិញ។
ចំណែកឯមនុស្ស មួយប្រភេទទៀត គេឱ្យអត្ថន័យ ខុសនឹងត្រូវ ផ្សេងវិញ គឺអ្វីណា ដែលចំណេញ ដល់ខ្លួនឯង នឹងក្រុម គ្រួសារ ជាការល្អ ត្រឹមត្រូវ ឬសំណាងល្អ ជាលាភជ័យ។ តើចោរដែល លួចប្លន់, កេងប្រវ័ញ, ឈ្លានពានរំលោភ លើសិទ្ធិ របស់គេ, ឆរបោក, ស៊ីសំណូក សូកប៉ាន់, ក្បត់ចិត្ដ តើអ្នកទាំងនេះ ដឹងថាខ្លួនធ្វើខុស ឬអត់? បើដឹងថាខុស ម៉េចក៏ធ្វើ? ប្រាកដជាមាន អ្នកដឹង នឹងអ្នកមិនដឹង ដូចជាបានរំលឹក ពីមុនមកថា មនុស្សឆ្កួតខ្លះ ដឹងខ្លួន ថាខ្លួនឆ្កួត អ្នកដែលឆ្កួតស៊ប់ នោះ គ្នាមិនដឹងអីទេ មិនស្គាល់ខុស និងត្រូវនោះ យ៉ាងម៉េចទេ។ ឧទាហរណ៍ ប្រសិនបើមនុស្ស បានកាន់បន្ទាត់ របស់ ខ្លួនម្នាក់ៗ នៅក្នុងលំហរ អាកាស ទៅតាមទិស ដែលខ្លួនម្នាក់ៗចង់ នោះតើបន្ទាត់ ណាទៅ ដែលត្រង់? គឺឆ្លើយថា បន្ទាត់ ទាំងអស់ត្រង់ ដូចគ្នា គ្រាន់តែខុសទិសគ្នាប៉ុណ្ណោះ។ នៅក្នុង គម្ពីរសុភាសិត ១៦៖១-៦ បាននិយាយថា៖
១ គំនិតដែលចាត់ចែង ក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ា ដែលឆ្លើយ សំរេចការនោះវិញ។ ២ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ា ដែលទ្រង់ថ្លឹងអស់ ទាំងទឹកចិត្តវិញ។ ៣ ចូរទុកដាក់ អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំង គំនិតរបស់ឯង នឹងបានសំរេច។ ៤ ព្រះយេហូវ៉ា ទ្រង់បានធ្វើគ្រប់ របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង អើ ទោះទាំងមនុស្ស អាក្រក់ក៏បានកើត មកសំរាប់ថ្ងៃ នៃសេចក្តីអាក្រក់ដែរ។ ៥ អស់អ្នកណា ដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា ទោះបើព្រួតដៃគ្នា គង់តែគេ មិនរួចពីទោសឡើយ។ ៦ ឯអំពើកំហុស នោះនឹងបានជ្រះស្អាត ដោយសារ សេចក្តីមេត្តា និងសេចក្តីពិត ហើយមនុស្ស នឹងរួចពីសេចក្តី អាក្រក់បាន ដោយកោត ខ្លាចដល់ព្រះយេហូវ៉ា។
ដូច្នេះបន្ទាត់ទាំងអស់ សុទ្ធតែត្រង់មែន ទៅតាមទិស របស់ខ្លួន តែមានបន្ទាត់មួយ ជាគម្រូ គឺខ្សែកូនតឹង ឬខ្សែទម្ងន់ គឺជា ខ្សែបន្ទាត់ មួយដែលសន្ធឹង ពីលើចុះមកក្រោម គឺបន្ទាត់ មួយមកពីព្រះ ដល់មនុស្ស ទាំងអស់ ជាគំរូ គឺជាក្រិតវិន័យ របស់ព្រះ ជាម្ចាស់ បន្ទាត់មនុស្សទាំងអស់ ត្រូវតែប្ដូរ ទិសរបស់ខ្លួន ពីក្រោមទៅលើ ដើម្បីឱ្យស្រប នឹងបន្ទាត់របស់ព្រះ គឺត្រូវតែចុះចូល ស្តាប់បង្គាប់ ក្រិតវិន័យ របស់ព្រះជាម្វាស់ គ្រប់ទាំងបន្ទាត់ ដែលស្រប ជាមួយបន្ទាត់ព្រះ បន្ទាត់ទាំងអស់នោះ នឹងមិន ត្រូវប៉ះ ទង្គិច ជាមួយ បន្ទាត់របស់ព្រះ ក៏មិនត្រូវប៉ះ ទង្កិច គ្នានិងគ្នាដែរ បន្ទាត់ទាំងនោះ នឹងស្របគ្នា ទាំងអស់វិញ មិនខាន។ មនុស្សទាំងអស់ ត្រូវតែក្រឡេក មើលទៅបន្ទាត់ កូនតឺង ដែល ត្រង់ពីលើចុះមក ហើយត្រូវខំ តម្រង់ប្ដូរទិស បន្ទាត់ ឬផ្លូវ របស់ខ្លួន ឱ្យស្របនឹងបន្ទាត់ កូនតឹងនោះ។ ការតម្រង់បន្ទាត់ ឬផ្លូវរបស់ខ្លួន គឺស្រេចនៅលើ មនុស្សមា្នក់ៗ ជាម្ចាស់ បន្ទាត់ តែសំខាន់ជាងនេះគឺការប៉ះទង្គិច នឹងទិសនៃបន្ទាត់កូនតឹង បើបន្ទាត់ណា ដែលមិនត្រង់ទិស។ និយាយឱ្យខ្លី គឺនឹងមានការ កាត់ទោស អំពីព្រះ នៅក្នុងខ៥ ទ្រង់ស្អប់មនុស្សឆ្មើងឆ្មៃ គឺមនុស្ស ដែលមិនស្ដាប់បង្គាប់។ បើសួរថា តើបន្ទាត់ទាំងអស់ ត្រង់ឥតខ្ចោះ ជាមួយ បន្ទាត់ព្រះឬទេ? ឆ្លើយថា ឥតមានទេ, គ្មានផ្លូវទេ ប៉ុន្ដែអ្នកដែលចូល ទៅជិតបន្ទាត់ កូនតឹង នោះនឹង ស្រួល តម្រង់បន្ទាត់ របស់ខ្លួន ប៉ុន្ដែការ ដែលត្រង់ ឬមិនត្រង់នោះ មិនសំខាន់ទេ តែការដែលខំប្រឹង តម្រង់វិញ ជាការសំខាន់ សំរាប់ព្រះ ការមិនត្រង់ ទ្រង់នឹងអត់ឱនទោស ពិនិត្យមើលក្នុង ខ៦ ‹ឯអំពើកំហុស នោះនឹងបាន ជ្រះស្អាត ដោយសារ សេចក្តីមេត្តា និងសេចក្តីពិត ហើយមនុស្ស នឹងរួចពីសេចក្តី អាក្រក់បាន ដោយកោតខ្លាច ដល់ព្រះយេហូវ៉ា។› គឺការខ្វះខាត ទ្រង់នឹងអត់ទោស ដោយសេចក្ដីមេត្ដា ដោយព្រះគុណ របស់ទ្រង់ ដោយយើង ខំតម្រង់ ទៅតាមបន្ទាត់ត្រង់ ជាក្រិតក្រម របស់ទ្រង់ ទៅតាមសេចក្ដីពិត គឺជាព្រះបន្ទូល គឺយើងបានជឿ ទុកចិត្ដលើ ព្រះយេស៊ូវគ្រិស្ទ។
បើមនុស្ស កើតមកខ្វាក់ ហើយមើលមិនឃើញ នោះវាជារឿងធម្មតា ប៉ុន្ដែដែលបញ្ហា នោះគឺ ដែលឃើញពន្លឺហើយ មិនព្រម បើកភ្នែក មើលផ្លូវ នោះនឹងដើរ ជំពប់ថ្មដួល ឬធ្លាក់រដៅជាមិនខាន ហើយ បើនៅតែ មិនបើកភ្នែកទៀត នោះនឹង ត្រូវធ្លាក់ ទៅក្នុងបឹងភ្លើង ជាមិនខាន។ ព្រះទ្រង់សុចរិតណាស់ ទ្រង់នឹង មិនរាប់មនុស្ស មានបាប ថាជាឥតទោស បានទេ ក្នុងខ៤ ‹ព្រះយេហូវ៉ា ទ្រង់បានធ្វើគ្រប់ របស់ទាំងអស់ ឲ្យសមនឹង ប្រយោជន៍ នៃរបស់នោះឯង អើ ទោះទាំងមនុស្ស អាក្រក់ ក៏បានកើតមក សំរាប់ថ្ងៃ នៃសេចក្តីអាក្រក់ដែរ។
តើទិសបន្ទាត់របស់បងប្អូន យ៉ាងណាដែរ? ដូច្នេះបងប្អូនអើយ បើយើងកោត ខា្លចដល់ព្រះ ហើយខំ តម្រង់ចិត្ដយើង ទៅតាម ព្រះហឬទ័យព្រះ នោះទ្រង់នឹងអត់ទោស ឱ្យយើង ហើយគ្មានការចំណេញ អ្វីណា លើសពីការចំណេញ ជីវិតអស់កល្ប នោះទេ ការទាំងអស់ ជាការមើលមិនឃើញ គឺពឹងទៅលើ សេចក្ដីជំនឿទាំងស្រុង តែព្រះបន្ទូល ជាសេចក្ដីពិត មនុស្ស ទាំងអស់ នឹងជួបសេចក្ដីពិតនេះ នៅថ្ងៃចុងបញ្ចប់។
សូមព្រះសុចរិតប្រទានដល់បងប្អូន