ព្រះយេស៊ូវអាយុប្អូនព្រះពុទ្ធឬ?
សំនួរ -? ព្រះយេស៊ូវគ្រិស្ទ បានកើតក្រោយ ព្រះពុទ្ធប្រហែលជា ៦២០ឆ្នាំ ចុះ ហេតុដូចម្ដេច បានជាថា ព្រះយេស៊ូវ ជាព្រះទៅកើត? (គឺសំដៅ ទៅលើព្រះពិត ដែល បង្កើតលោក ទាំងមូល)
ចម្លើយ – សំនួរខាងលើនេះ ជាសំនួរល្អណាស់ ហើយក៏មាន មនុស្សច្រើនណាដែលបានសួរ សំនួរនេះ។ បើមនុស្ស គ្រាន់បានចេះដឹង ត្រឹមតែប្រវត្ដិសាស្រ្ដទេ នោះមិនអាចជឿថា ព្រះយេស៊ូវ ជាព្រះពិត បានទេ ព្រោះប្រវត្ដិសាស្ដ្រ បានចារយ៉ាងច្បាស់ណាស់ ថា ព្រះយេស៊ូវ ឬព្រះគ្រិស្ទនេះ ទើបនឹងកើតក្នុង កំឡុងដើម គ្រិស្ដសករាជ (គឺការចាប់ប្រើ ប្រកតីទិន សាកល) គឺកាលពី ជាង២ពាន់ឆ្នាំ មុននេះប៉ុណ្ណោះ ប៉ុន្ដែមនុស្ស ជាច្រើនណាស់ ដែលបានកើត ពីមុននោះ ឧទាហរណ៍ ដូចជាព្រះពុទ្ធ កើតក្នុងឆ្នាំ៦២៤ មុន គ.ស. នៅប្រទេសឥណ្ឌៀ នឹង លោកអ័ប្រាហាំ កើតក្នុងកំឡុងឆ្នាំ ២០០០ មុន គ.ស. (ជាបុព្វបុរស ល្បីមួយរូបនៅ មជ្ឈិមបូព៌ា) ជាដើម។ ហើយក៏មិនត្រឹម តែខ្មែរយើងទេ ដែលប្រឆាំង នឹងការប្រកាស ឬ ជំនឿថា ព្រះយេស៊ូវគ្រិស្ទ ជាព្រះពិតនេះ សូម្បីតែ នៅប្រទេស អ៊ីស្រាអែល ដែលជាប្រទេស កំណើតរបស់ ព្រះយេស៊ូវក្ដី ក៏គេមិនជឿថា ព្រះយេស៊ូវ ជាព្រះពិតនោះទេ គឺមានមនុស្ស តិចណាស់ ដែលទទួលជឿ ពីការនេះ។ នៅជំនាន់នោះ មានបុព្វបុរស អ៊ីស្រាអែល ជាច្រើន បានជំនាស់ ពីការនេះ ហើយគេបានលើសំនួរ ស្រដៀងគ្នានេះដែរ សួរផ្ទាល់ នឺងព្រះយេស៊ូវ តែម្ដង ដូច្នេះខ្ញុំចង់ឱ្យបងប្អូន បានស្ដាប់ចម្លើយ របស់ព្រះយេស៊ូវ ផ្ទាល់នៅពេល ដែលពួកអាចារ្យ សាស្រ្ដអ៊ីស្រាអែល សួរដេញដោលទ្រង់ ពីរឿងនេះ តាមរយៈ លោកយ៉ូហាន ជាសិស្សរបស់ទ្រង់ បានកត់ត្រាទុក ក្នុងសៀវភៅ របស់គាត់ ត្រង់ជំពូក៨ ដូចខាងក្រោមនេះ៖
៤៨ នោះពួកសាសន៍យូដា ទូលទ្រង់ថា តើយើង មិននិយាយត្រូវថា អ្នកជាសាសន៍ សាម៉ារី ហើយមាន អារក្សចូលទេឬអី ៤៩ព្រះយេស៊ូវ ទ្រង់ឆ្លើយថា ខ្ញុំគ្មានអារក្ស ចូលទេ ខ្ញុំគោរព ប្រតិបត្តិចំពោះ ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀល ខ្ញុំវិញ ៥០ឯខ្ញុំ មិនមែន រកកិត្តិសព្ទ ចំពោះខ្លួនទេ មានព្រះ១អង្គ ដែលរកឲ្យខ្ញុំវិញ ហើយទ្រង់ ក៏ជំនុំជំរះផង ៥១ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នា ជាប្រាកដថា បើអ្នកណា កាន់តាមពាក្យខ្ញុំ អ្នកនោះ មិនត្រូវឃើញ សេចក្តីស្លាប់ នៅអស់កល្បរៀងទៅ ៥២ដូច្នេះ ពួកសាសន៍យូដា ទូលថា ឥឡូវនេះ យើងដឹង ជាប្រាកដថា អ្នកមានអារក្ស ចូលពិតមែន ព្រោះលោកអ័ប្រាហាំ និងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណា កាន់តាមពាក្យអ្នក នោះមិនដែលភ្លក់ សេចក្តីស្លាប់ នៅអស់កល្ប រៀងទៅវិញ ៥៣តើអ្នកធំជាង លោកអ័ប្រាហាំ ជាឰយុកោយើង និងពួកហោរា ដែលស្លាប់ ទៅហើយនោះ ឬអី តើអ្នកតាំងខ្លួន ធ្វើជាអ្វី ៥៤ ព្រះយេស៊ូវ មានព្រះបន្ទូល ឆ្លើយថា បើសិនជា ខ្ញុំដំកើងខ្លួនខ្ញុំ នោះកិត្តិសព្ទ របស់ខ្ញុំ ឥតមាន ប្រយោជន៍ទេ គឺព្រះវរបិតា ខ្ញុំទេតើ ទ្រង់លើក ដំកើងខ្ញុំ ដែលអ្នករាល់គ្នាថា ទ្រង់ជាព្រះ នៃអ្នក ៥៥ តែអ្នករាល់គ្នា មិនស្គាល់ទ្រង់ទេ ឯខ្ញុំៗ ស្គាល់ទ្រង់ បើខ្ញុំថា មិនស្គាល់ទ្រង់វិញ នោះខ្ញុំ នឹងទៅ ជាអ្នកភូតភរ ដូចអ្នករាល់គ្នាដែរ ប៉ុន្តែខ្ញុំ ស្គាល់ទ្រង់ពិត ហើយក៏កាន់ តាមព្រះបន្ទូល ទ្រង់ផង ៥៦ លោកអ័ប្រាហាំ ជាឰយុកោ អ្នករាល់គ្នា លោកបានត្រេកអរ ដោយឃើញគ្រាខ្ញុំ លោកក៏បានឃើញមែន ហើយមាន សេចក្តីរីករាយ ៥៧ ដូច្នេះ ពួកសាសន៍យូដា ទូលទ្រង់ថា អាយុអ្នក មិនទាន់ ដល់៥០ឆ្នាំផង ហើយអ្នកថា បានឃើញ លោកអ័ប្រាហាំដែរឬ ៥៨ ព្រះយេស៊ូវ ទ្រង់មាន ព្រះបន្ទូល តបថា ប្រាកដមែន ខ្ញុំប្រាប់ អ្នករាល់គ្នា ជាប្រាកដថា មុនដែល លោកអ័ប្រាហាំ កើតមក នោះមានខ្ញុំហើយ ៥៩ ដូច្នេះ គេរើសថ្ម នឹងចោល ព្រះយេស៊ូវ តែទ្រង់ បានបំបាំង ដល់គេ រួចយាង កាត់កណ្តាល ពួកគេ ចេញពីព្រះវិហារ ផុតទៅ។
បងប្អូនអើយ ដូច្នេះសំនួរនេះ មិនមែនទើបនឹងមាននោះទេ តែមនុស្ស ជំនាន់នោះ គេបានលើក ទៅសួរព្រះយេស៊ូវ ផ្ទាល់រួច ទៅហើយ ទាំងខឺង នឹងត្មេះតិះដៀល ទ្រង់ផង ព្រោះគេ មិនយល់ ហើយគេ ក៏មិនចង់យល់ផង ដែលទ្រង់ឆ្លើយថា មុនលោកអ័ប្រាហាំ នោះមានខ្ញុំហើយ ទ្រង់មិនបាន ឆ្លើយថា ខ្ញុំបានកើតហើយនោះទេ ព្រោះទ្រង់ជាព្រះ ទ្រង់ឥតមាន កំណើតទេ ទ្រង់បាន គង់នៅ តាំងពី អស់កល្ប។
ដូច្នេះព្រះយេស៊ូវ ជាព្រះពិត ដែលបានចុះ មកចាប់កំណើត ជាមនុស្សនៅលើ ផែននេះ ដើម្បី៖
១- ដើម្បីផ្សាយ ដំណឺងល្អ អំពីនគរ ស្ថានសួគ៍របស់ទ្រង់
២- ដើម្បីសុគត លោះបាបរបស់មនុស្ស ដោយគ្រាន់តែជឿ ដល់ទ្រង់ នឹងដើម្បីឱ្យ ជីវិតរបស់ព្រលឹង បានរស់អស់កល្ប នៅឯនគរស្ថានសួគ៍ ជាមួយទ្រង់ ព្រោះមនុស្ស ត្រូវមានទោស ដល់ស្លាប់ ដោយសារ អំពើរបាប។
បងប្អូនអើយ ប្រសិនបើបងប្អូនជឿថា បងប្អូនមានបាប ពិតមែន ហើយនឹងត្រូវស្លាប់ពិតមែន ហើយបងប្អូន ឥតទាន់រកឃើញ មានថ្នាំណា ព្យាបាលបាន នោះគួរ តែប្រថុយ ជឿព្រះយេស៊ូវ ដោយឥតមាន បង់ខាតអ្វី ទាល់តែសោះ។ ឬមួយបងប្អូននៅស្ទាក់ស្ទើរ? បងប្អូនអាច សួរទ្រង់ផ្ទាល់ នៅក្នុងពេល ឥឡូវនេះ ក៏បាន ព្រោះទ្រង់ ជាព្រះពិត ដ៏មាន ព្រះជន្មរស់ ទ្រង់ជ្រាបទាំងអស់ អំពីចិត្ដបងប្អូន បើបងប្អូន គ្រាន់តែទូលអង្វរ សួរទៅទ្រង់ បែបនេះថា៖
ឱ ព្រះយេស៊ូវ គ្រិស្ទអើយ ទូលបង្គំ ដឺងថា ទូលបង្គំ ជាមនុស្ស មានបាបពិតប្រាកដណាស់ បើទ្រង់ ជាព្រះពិត ប្រាកដមែន សូមជួយ ឱ្យទូលបង្គំ បានជឿដល់ទ្រង់ សូមជួយ ឱ្យជីវិត ទូលបង្គំ បានផ្លាស់ ប្រែចិត្ដ ឱ្យទូលបង្គំ បានឃើញពន្លឺទ្រង់ ច្បាស់ផង។ សូមរក្សា សំនួរនេះ នៅក្នុងចិត្ដ ជាប់ជានិច្ជ រហូតដល់ទ្រង់បើកសំដែង ឱ្យយល់ នោះអ្នកនឹងបាន ជឿដល់ទ្រង់ពិតប្រាកដ។
សូមបងប្អូន បានចាំថា ព្រះយេស៊ូវ ជាព្រះរបស់ សកលលោក ទាំងមូល ទោះបងប្អូន មិនជឿក៏ទ្រង់ នៅតែជាព្រះ ដែលបង្កើត បងប្អូនដែរ។
សូមព្រះទ្រង់ប្រទានពរ