ចូរប្រយ័ត្នក្លែងក្លាយ
នៅក្នុងសម័យនេះ មានរបស់ក្លែងក្លាយ ជាច្រើន ហើយនៅពេលខ្លះ របស់ទាំងនោះ ក៏មានដាក់ផ្លាកថា ‹ប្រយ័ត្នក្លែងក្លាយ› ដែរ ដូច្នេះតើត្រូវធ្វើដូចម្ដេច ដើម្បីអោយដឹងថា របស់នោះពិត ឬក៏ក្លែងក្លាយ? គឹត្រូវយកចិត្ដទុកដាក់ ពិនិត្យគ្រប់ទាំងអ្វីៗ ដែលយើងត្រូវការ ក្នុងជីវិតយើង។ របស់ក្លែងក្លាយ អាចមានគុណភាពអន់ ឬឥតប្រសិទ្ធិភាព មិនតែប៉ុណ្ណោះអាចបណ្ដាលអោយមានគ្រោះថ្នាក់ផ្សេងៗឬដល់ជីវិត ទៀតផងក៏ថាបាន។ ការក្លែងក្លាយនេះ សុទ្ធតែកើត ក្រោយការពិត គឺគេបង្កើតឡើង ដើម្បីបន្លំឱ្យដូចរបស់ពិត។
តើបងប្អូនដែលដឹង អំពីលុយក្លែងក្លាយឬទេ? ឱសុថ(ថ្នាំព្យាបាល)ក្លែងក្លាយ? ម្ហូបក្លែងក្លាយ? សព្វនេះផ្កាក្លែងក្លាយ កំពុងពេញនិយម ព្រោះវាល្អដូចផ្កាមែនទែន ហើយមិនបាច់ថែរក្សាស្រោចទឹក តែវាគ្រាន់ តែបន្លំភ្នែកយើង អោយល្អមើល ប៉ុន្ដែវាឥតបណ្ដាលអោយ យើងមានគ្រោះថា្នក់ដែរ។ តែមានអ្វីក្លែងក្លាយ ដែលអាចបណ្ដាល ឱ្យមានគ្រោះថា្នក់ ដូចជា ចំណីអាហារក្លែងក្លាយ អាចបណ្ដាល ឱ្យមានគ្រោះថ្នាក់ដល់សុខភាព មាស ឬនាឡិកា ឬរបស់ក្លែងក្លាយ យើងបានខាតបង់លុយជាច្រើន តែបានរបស់មិនសុទ្ធល្អ ឥតមានតម្លៃល្មម នឹងគុណភាព។ លើសពីនេះ យើងចង់និយាយឱ្យចំៗ គឺព្រះក្លែងក្លាយ នឹងអ្នកដឹកនាំក្លែងក្លាយ ដែលអាចធ្វើឱ្យមានគ្រោះថា្នក់ ដល់ព្រលឹងរបស់យើង ដោយសារការមិនយកចិត្ដទុកដាក់ នឹងពិនិត្យ យល់អំពីសេចក្ដីពិត មនុស្សជាច្រើនបានយល់អ្វីៗ យោលទៅតាមអារម្មណ៏របស់ខ្លួន ជាជាងដោយការត្រេះរិះ ពិចារណា។
ឧទាហរណ៍៖ បើខ្ញុំគូសវាស គំនូសមួយ នៅលើក្រដាសដូចជារូបគោ ហើយលើកសួរទៅហ្វូងមនុស្សពីមុខខ្ញុំថា ‹ស្អីនេះ› ហ្វូងមនុស្សនឹងឆ្លើយថា ‹គោ› ជាប្រាកដ ព្រោះមនុស្សទាំងនោះ បានភ្ជាប់អ្វីដែល ឃើញទៅនឹងអារម្មណ៍ ដែលខ្លួនមានពីមុនមក តាមពិតគំនូសនោះ មិនមែនជាគោទេ តែតាមពិតវាគ្រាន់តែ ដូចជារូបគោប៉ុណ្ណោះ។ ដូច្នេះត្រូវចែកសេចក្ដីពិត និងអារម្មណ៍របស់យើង អោយដាច់ពីគ្នា។
តើបងប្អូនដែលព្ញថា មនុស្សគោរព ថ្វាយបង្គំសត្វគោទេ? ហនុមាន សត្វស្វា, ពស់, កណ្ដុរ… ទេ? តើបងប្អូន ជាអ្នកថា្វយបង្គំ សត្វទាំងនោះដែរឬទេ? ហេតុអ្វី? តើបងប្អូនឆ្ងល់ដែរទេ? នេះជាជំនឿ ទៅលើអារម្មណ៍ កាលដើមឡើយ អ្នកទាំងនោះ មានជំនឿថា មនុស្សស្លាប់ទៅ អាចកើតជាសត្វផ្សេងៗ យោលទៅតាមព្រហ្មញសាសនា ដូច្នេះមានអ្នក ដែលមានអារម្មណ៍ថា ឱពុកមា្ដយរបស់គេ បានស្លាប់ទៅ ហើយកើតជាសត្វគោ ឬសត្វផ្សេងៗ នោះឯង ហើយជំនឿនេះក៏តៗគ្នាមក ហើយបែកចេញជាក្រុមផ្សេងៗ រហូតមកដល់សព្វថ្ងៃ។
តើបងប្អូនដែលព្ញថា មនុស្សគោរពថ្វាយបង្គំ ថ្មដែរឬទេ? ឬឈឿ, ដំបូក, ស៊ីម៉ង់, មាសប្រាក់, ឈើឆ្កាង… ដែរឬទេ? តើហេតុអ្វីដែរ? ជាដំណាងព្រះ? បងប្អូនច្រឡំហើយ ខ្ញុំបានលើកឧទាហរណ៍ ខាងលើ អំពីគំនូស ដែលខ្ញុំគូសលើក្រដាស់ ជារូបគោនោះ វាមិនមែនជាគោទេ ហើយវាក៏មិនមែន ដំណាងគោដែរ វាគ្រាន់តែជាសញ្ញា រំព្ញកអំពីសត្វគោប៉ុណ្ណោះ ព្រោះវាដូច ឬស្រដៀងសត្វគោ។ ដូច្នេះបងប្អូនត្រូវប្រយ័ត្ន ទី១ ត្រូវប្រយ័ត្នអំពីការពិត សត្វគោនិងរូបគោ សត្វគោគឺសត្វគោ រូបគោគឺរូបគោ ចម្លាក់គោ គឺចម្លាក់គោ ចម្លាក់ថ្មគឺចម្លាក់ថ្ម ឈើឆ្កាងគឺឈើឆ្កាង ក៏មានដែកឆ្កាង ថ្មឆ្កាងដែរ តែរបស់ទាំងនោះគឺវាគ្រាន់តែ ជាសញ្ញារំព្ញកប៉ុណ្ណោះទេ ព្រោះវាមើលទៅស្រដៀងគ្នា មិនមែនដំណាងទេ ទី២គឺបងប្អូនត្រូវយល់ អំពីពាក្យថាដំណាង ខុសពីសញ្ញា ជាច្រើនដង ខ្មែរយើងច្រើនច្រឡំ អត្ថន័យ នៃពាក្យទាំងនេះ។ ទូតសហរដ្ឋអាមេរិក ប្រចាំនៅស្រុកខែ្មរ ជាដំណាង រដ្ឋាភិបាល សហរដ្ឋអាមេរិក គឺអគ្គរដ្ឋទូត បានតែងតាំងឡើង ហើយទទួលស្គាល់ ដោយរដ្ឋាភិបាល ហើយចាត់ឱ្យមានតួនាទី ធ្វើការជំនួស ចំណែកឯទង់ជាតិវិញ មិនមែនជាដំណាងទេ វាគ្រាន់តែជាសញ្ញាសំគាល់ ដោយសន្មតប៉ុណ្ណោះ។ បងប្អូនអាចជំរាបសួរ អគ្គរដ្ឋទូតបាន ប៉ុន្ដែមិនត្រូវជំរាបសួរទង់ជាតិទេ បងប្អូនអាចធ្វើបានប៉ុន្ដែវាឥតន័យ ហើយក៏ឥតបានការដែរ បើសំណាងមាន បងប្អូនបានទទួលតបវិញ ដោយខ្យល់បក់រវិចៗប៉ុណ្ណោះ នេះគឺការពិត ១០០%។ បងប្អូន គ្រិស្ទាន្ដ មួយចំនួនក៏យល់ច្រឡំ ដោយប្រើឈើឆ្កាង ដើម្បីដេញអារក្សដែរ ដូចចាស់ៗ ជំនាន់ដើម គូសខ្វែងជើងក្អែក ដេញអារក្សដូច្នោះដែរ យើងត្រូវដឹងយ៉ាងច្បាស់ តាមរយៈព្រះបន្ទូលថា ព្រះមិនបានគង់ក្នុងឈើឆ្កាងទេ គឺទ្រង់គង់ក្នុងចិត្ដមនុស្ស ដែលមានជំនឿវិញ។ ចូរកុំស្ដាប់ កុំយល់តាមអារម្មណ៍របស់យើង តែតាមសេចក្ដីពិតក្នុងព្រះបន្ទូលវិញ បងប្អូនមិនដែលឃើញការអស្ចារ្យដែរគេលេងសៀកទេឬ? គឺគេឆ្ពិនភ្នែកយើង ហើយបង្វែរអារម្មណ៍ឱ្យយើងផ្ចង់ខុសសេចក្ដីពិត ដូចអារក្សដែលល្បួងមនុស្សដើម នឹងឥឡូវនេះដែរ ចំណាំមើល សៀកគេតែងលេង នៅពេលយប់ គេពាក់អាវវែងៗ មានដៃធំៗ ហើយមានឆាកពីក្រោយ ការលេងសៀក មិនមែនជាការពិតទេ គឺជាការក្លែងក្លាយ បន្លំភ្នែកយើងប៉ុណ្ណោះ មិនមែនប្រើសីលទេ គឺប្រើល្បិច។តើអ្នកដឹងថា មានព្រះកែ្លងក្លាយដែរឬទេ? ក៏មានព្រះយេស៊ូវក្លែងក្លាយដែរ ក៏មានអ្នកដឹកនាំ កែ្លងក្លាយដែរ ដែលហៅចចក ពាក់ស្បែកចៀម។
តើអ្នកណាគេ ជាព្រះយេស៊ូវក្លែងក្លាយ? ដើម្បីស្គាល់របស់ក្លែងក្លាយ យើងត្រូវស្គាល់របស់ ពិតប្រាកដនោះបែបណាសិន ដូច្នេះយើងត្រូវស្គាល់ថា អ្នកណាគេ ជាព្រះយេស៊ូវ ពិតប្រាកដសិន។ ព្រះយេស៊ូវពិតប្រាកដ គឺ មានលក្ខណៈ៥យ៉ាង៖
១- ទ្រង់ជាព្រះដែលមានព្រះជន្មគង់នៅ តាំងពីអស់កល្ប ដល់អស់កល្ប
២- ទ្រង់ជាព្រះដែលបង្កើតទាំងអស់ ទ្រង់ជាព្រះដែលគ្មានអ្នកតែងតាំងឡើយ។
៣- ទ្រង់យាងមក យកកំណើតនឹងនាងព្រហ្មចារីណ៍ នៅលើផែនដី ដោយព្រះវិញ្ញាណបរិសុទ្ធ
៤- ទ្រង់សុគត លើឈើឆ្កាង បញ្ចុះក្នុងផ្នូរ តែបីថ្ងៃទ្រង់រស់ឡើងវិញ ដើម្បីសង្គ្រោះមនុស្សឱ្យរួចពីបាប
៥- ទ្រង់យាងហោះ ទៅស្ថានលើវិញទាំងភ្នែកស្រស់។
តើព្រះយេស៊ូវ ដែលអ្នកជឿ មានលក្ខណៈទាំង៥នេះដែរឬទេ? បើខ្វះតែមួយ នោះក៏មិនមែនជាព្រះយេស៊ូវ ពិតប្រាកដដែរ ព្រោះរបស់ក្លែងក្លាយ តែងតែដូច ឬស្រដៀងគ្នា ផ្នែកខាងក្រៅ តែវាជារបស់ពីរ ផ្សេងពីគ្នាយ៉ាងប្រាកដណាស់។ តើសាសនាអ្វី ដែលមានតួអង្គឈ្មោះព្រះយេស៊ូវ? តើនិកាយនោះ កើតពីកាលណាមក តើគម្ពីរនោះ សរសេរដោយអ្នកណា ថាដូចម្ដេចខ្លះ អំពីព្រះយេស៊ូវ? សូមផ្ទៀងផ្ទាត់ មើលអោយជាក់ច្បាស់។ សួរថាហេតុដូចម្ដេច បានជាមានអ្នកជឿ ព្រះក្លែងក្លាយ? គឺមកតែពីអ្នកនោះ មិនបានស្គាល់ ព្រះពិតជាមុន ដូច្នេះសូមបងប្អូន បើកចំហរចិត្ដ ស្ដាប់ ស្វែងយល់អំពីព្រះពិត ហើយព្រះពិតនោះ មានតែមួយគត់ គឺជាព្រះដែលបានបង្កើត មនុស្សយើងនេះឯង ហើយព្រះពិតនេះឯង ដែលធានាជួយលោះមនុស្សយើង អោយរួចពីបាប នឹងឱ្យបានទទួល ជីវិតអស់កល្បជានិច្ចផង។
ចំណែកអ្នកដឹកនាំ ក្រុមជំនុំរបស់ព្រះអម្ចាស់ យេស៊ូវគ្រិស្ទក៏មានតួនាទី សំខាន់ណាស់ដែរ គឹមិនមែនមនុស្សខ្វាក់ ដឹកនាំមនុស្សខ្វាក់ទេ ហើយព្រះយេស៊ូវទ្រង់ក៏ប្រមាន ក្រុមជំនុំទ្រង់ ឱ្យ បានប្រយ័ត្ននឹង គ្រូក្លែងក្លាយដែរ ព្រោះគេជាមនុស្សដែលបន្លំ ខ្លួនចូលមកកេង បន្លំយកតែកម្រៃ ជាលុយកាក់ក្ដី ជាមុខមាត់ក្ដី ព្រះទ្រង់បានប្រៀបធៀប អ្នកនោះទៅ នឹងសត្វចចក ពាក់ស្បែកចៀម គឺវាជាសត្វឆ្លាតខាងខូច ប្រើកលល្បិច បោកប្រាស់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ វាមិនបានគិតផលប្រយោជន៍ ក្រុមជំនុំជាធំទេ។ ចូរប្រយ័ត្ន!