Scripture: 1Cor. 13:4-8
សេចក្តីស្រឡាញ់
ចូរស្ដាប់ព្រះបន្ទូល ហើយប្រពឹត្ដតាម។ ការចេះព្រះបន្ទូលជាការល្អ តែបើចេះហើយ មិនអនុវត្ដទេ នោះជាការឥតប្រយោជន៍ទទេ។
យ៉ាកុប២៖២២-២៤, ២២ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួន វិញនោះឡើយ ២៣ ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូច ជាមនុស្ស ដែលឆ្លុះមុខក្នុងកញ្ចក់ ២៤ អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម។
១កូរិនថូស ១៣៖៤-៨ ៤ឯសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់ មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង ៥ មិនដែលប្រព្រឹត្ត បែបមិនគួរសម មិនដែលរក ប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស ៦ មិនដែលអរ សប្បាយចំពោះ សេចក្តីទុច្ចរិតឡើយ គឺអរសប្បាយ តែនឹងសេចក្តី ស្មោះត្រង់វិញ ៧ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ ៨ រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយ ភាសាដទៃ នឹងត្រូវឈប់ ហើយចំណេះ ក៏ត្រូវសាបសូន្យ ទៅដែរ តែឯសេចក្តីស្រឡាញ់ មិនដែលផុតឡើយ ។
សេចក្ដីស្រឡាញ់នេះ មិនមែននិយាយ អំពីអារម្មណ៍ សេ្នហារវាងស្រីនឹងប្រុសនោះទេ ប៉ុន្ដែវាជាអត្ថន័យ នៃសេចក្ដីស្រឡាញ់ដ៏ពិត គឺជាការអនុវត្ដន៍ ឬជា សកម្មភាព របស់សេចក្ដីស្រឡាញ់ មិនមែនគ្រាន់តែ ជាអារម្មណ៍ទេ។ អត្ថបទព្រះបន្ទូលក្នុងខ៤ និងខ៥ ខាងលើ យើងអាចនិយាយ ជាសម្រាយថា៖ ៤ឯសេចក្តីស្រឡាញ់ តែងតែទ្រាំទ្រ អត់ធ្មត់ គ្រប់ទាំងការលំបាក គ្រប់យ៉ាង ហើយក៏មានចិត្ដ ទូលាយល្អផង មិនមានគំនិត រុកគួន គំនុំសងសឹក ពាក្យផ្លែផ្កា មិនចេះអួតខ្លួន គឺមិននិយាយ ដើម្បីលើកកំពស់ខ្លួន ដើម្បីឱ្យគេសរសើរ មិនមានចិត្ដធំ គឺមិនមើលងាយ ឬរំលោភសិទ្ធិគេ ៥មិនប្រព្រឹត្ដឈ្លើយ ព្រហ៊ើន កោងកាច មិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់កំហុស គឺមិនមើលឃើញតែកំហុសគេ គឺមិននិយាយដើមគេ (មានមនុស្សខ្លះឱ្យតែឆ្គងចិត្ដខ្លួន គឺគេខុស ហើយមិនល្អដូចខ្លួនទេ)។ ប្រសិន បើយើងលើកយក តែកំហឹងមួយមុខ មកបកស្រាយ យើងឃើញថា អ្នកដែលមានកំហឹង នោះមិនត្រឹមតែធើ្វឱ្យ អ្នកដែលពាក់ព័ន្ធនោះ ធុញទ្រាន់ពិបាកទ្រាំ ប៉ុណ្ណោះទេ ប៉ុន្ដែអ្នកនោះ ធ្វើបាបខ្លួនឯង លើសទៅទៀតផង ព្រោះនៅពេល ដែលគេឡប់ទៅផ្ទះ សំរាកលក់អស់ហើយ អ្នកខឹងនោះ មិនទាន់បានសំរាកទេ ព្រោះនៅខឹងនៅឡើយ ហើយកំហឹងនេះ នៅតែបន្ដឆេះទៅទៀត យូរទៅបានស្ងបបន្ដិត តែនៅពេលឃើញគេ ជាថ្មី គំនុំនោះក៏ចាប់ឆេះជាថ្មីឡើងវិញ នេះគឺជាការ ធ្វើបានខ្លួនឯងយ៉ាងសំបើម។ មនុស្សតែងតែ មានពេលត្រូវខឹង មិនមែនខឹង ជាប្រចាំនោះទេ តែបើរៀនអត់ខឹង បាននោះជាការ ប្រសើរបំផុត។ អ្នកដែលខឹងច្រើន ច្រើនតែនិយាយថា គេធ្វើឱ្យខឹង ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កំហឹងនាំឱ្យខូចសុភាព ទាំងផ្លូវកាយ ផ្លូវចិត្ដ អារម្មណ៍ នឹងផ្លូវព្រលឹងផងដែរ។ ដូច្នេះបើមិនបានអនុវត្ដន៍ នូវផ្នែកនៃ សេចក្ដីស្រឡាញ់ណាមួយ វានឹងនាំ ឱ្យយើងមានការពិបាក ជាមិនខានឡើយ។
សេចក្ដីស្រឡាញ់នេះ ត្រូវនៅជាប់ ជាមួយយើងរហូត ទៅដល់ ស្ថានសួគ៍ ហើយនឹងបន្ដ ទៅទៀត ដល់អស់កល្បជានិច្ចផង។ ចូរខំប្រឹង ទាំងអស់គ្នាឡើង ដើម្បីថែរក្សា សេចក្ដីស្រឡាញ់នេះ ឱ្យគង់វង់ នៅក្នុងយើងម្នាក់ៗ ដើម្បីដល់ផ្ដល់ សិរី ល្អដល់ព្រះអម្ចាស់នៃយើង។
សូមព្រះវិញ្ញាណបរិសុទ្ធ ជួយចម្រើនកម្លាំង អស់លោក បងប្អូន។