Scripture: Ez. 39:6-7
ព្រះអីក៏កាចម្លេះ?
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ របស់គ្រិស្ទាន ដែលមានព្រះយេហូវ៉ា ជាតួសំខាន់ជាងគេនៅក្នុង គម្ពីរសញ្ញាចាស់ទាំងមូល គឺជារឿងរ៉ាវ រវាងព្រះអទិករ នឹងមនុស្ស ជាពីសេសជាមួយសាសន៍ អ៊ីស្រាអែល ហើយព្រឹត្ដការណ៍ក្នុងគម្ពីរសញ្ញាចាស់នេះ បានកើតឡើងមុនកំណើត ព្រះយេស៊ូវគ្រិស្ដ គឺក្នុងកំឡុងមុនគ្រិស្ដករាជ ដែលហៅថា សម័យក្រិតវិន័យ។
នៅក្នុងគម្ពីរសញ្ញាចាស់នេះ មានមនុស្សមួយចំនួនធំ រួមទាំងគ្រិស្ទានខ្លះផង ដែលគិតថា ព្រះនៅក្នុងគម្ពីរសញ្ញាចាស់នេះ កាចហួសហេតុណាស់ ពិបាកនឹងជឿថាទ្រង់ជាព្រះណាស់ រហូតដល់ទៅមាន គ្រិស្ទានខ្លះ បានបដិសេដ្ឋ គម្ពីរសញ្ញាចាស់ចោល តែម្ដងហើយគេបាន ហៅខ្លួនគេថា ជាក្រុមជំនុំគម្ពីរសញ្ញាថ្មី បងប្អូនខ្លះទៀត រកពាក្យឆ្លើយនឹងគេមិនបាន នៅពេលគេសួរថា ហេតុដូចម្ដេច បានជាព្រះកាចម្ដេច?
តាមពិត ព្រះគម្ពីរទាំងមូល បានឆ្លុះបញ្ចាំង ពីលក្ខណនៃព្រះតែមួយ គឺជាព្រះ ដែលមានសេចក្ដី មេត្ដាករុណា ហើយទ្រង់យឺតនឹងខ្ញាល់។ ខ្ញុំនឹងលើកចំណុចខ្លះៗ ដើម្បីពន្យល់ថា ហេតុដូចម្ដេច បានជាព្រះទ្រង់កាចម្លេះ?
១- បើសួរថាតើទ្រង់ចាប់កាចពីកាលណាមក? គឺចាប់ពីពេល ដែលមនុស្ស មិនស្ដាប់បង្គាប់ទ្រង់ គឺប្រព្រឹត្ដអំពើបាប ហើយនឹងនាំសេចក្ដីស្លាប់ដល់ខ្លួន ដែលខុស ពីព្រះហឬទ័យទ្រង់។
២- អំពើបាបនេះហើយ ដែលនាំឱ្យមនុស្ស បែកចេញពីព្រះ ដូច្នេះហើយ បានជាព្រះទ្រង់ខ្ញាល់ នឹងស្អប់អំពើបាបដែលនៅ ក្នុងការប្រព្រឹត្ដ របស់មនុស្សជាខ្លាំង។ អំពើបាបជារនាំង ខ័ន្ធមិនឱ្យមនុស្ស ជួបព្រះបាន ព្រះទ្រង់បរិសុទ្ធ នឹងមានព្រះចេស្ដា ដូច្នេះហើយ បានជាមនុស្សមិនអាច ឃើញព្រះភ័ក្ដ្រព្រះបានឡើយ។
៣- ព្រះទ្រង់បរិសុទ្ធ គឺមានន័យថា មានភាពល្អឥតខ្ចោះ មានយុតិធម៌ សច្ចធម៌ ស្មោះត្រង់ គឺស្មោះត្រង់ នឹងអង្គទ្រង់ បើទ្រង់ដាក់ក្រិតវិន័យហើយ ទ្រង់ត្រូវតែអនុវត្ដ ទ្រង់មិនអាច លើកចោលចេញបានទេ។ បើមិនស្ដាប់បង្គាប់ទ្រង់ គឺឈ្មោះថា ប្រព្រឹត្ដបាប បើប្រព្រឹត្ដអំពើបាប គឺត្រូវតែស្លាប់ ទ្រង់ក៏បានប្រាប់ មនុស្សជាមុនសេ្រចហើយ បើចង់ឱ្យរួចពីស្លាប់ នោះគឺត្រូវមាន សេចក្ដីស្លាប់ណាដទៃ មកបង់សងជំនួស។
៤- ព្រះទ្រង់មានព្រះទ័យ អាណិតស្រឡាញ់ ចង់សង្គ្រោះមនុស្ស ដោយមានគំរោងការ បញ្ជូនព្រះរាជបុត្រាទ្រង់មកសុគត បង់ថ្លៃបាបមនុស្ស ដូច្នេះហើយបាន ជាទ្រង់បង្រៀនមនុស្ស ឱ្យស្គាល់ទ្រង់ ចេះស្រឡាញ់គោរព កោតខ្លាចដល់ទ្រង់ ទ្រង់ជាព្រះដែលមាន គ្រប់ទាំងអំណាចចេស្ដា។ ទ្រង់បង្រៀនឱ្យមនុស្សជឿទុកចិត្ដ ដល់ទ្រង់ថាជាព្រះ ដែលអាចជួយសង្រ្គោះគេបាន ព្រោះសេចក្ដីសង្រ្គោះនេះ នឹងត្រូវពឹងផ្អែកទាំងស្រុង ទៅលើការជឿទុកចិត្ដនេះឯង។ ទ្រង់បានបញ្ជាក់ប្រាប់ជាច្រើនដងថា ត្រូវឱ្យស្គាល់ថា អញនេះជា ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដូចជានៅក្នុងគម្ពីរ អេសេគាល ៣៦៖២៣, ៣៧៖២៨, ៣៨៖២៣ នឹង៣៩៖៦-៧, ‹‹ ៦ អញនឹងចាត់ភ្លើងទៅលើស្រុកម៉ាកុកហើយលើពួកអ្នកដែលអាស្រ័យនៅ ដោយសុខសាន្តនៅកោះទាំងឡាយ នោះគេនឹងដឹងថាអញនេះជាព្រះយេហូវ៉ាពិត៧ អញនឹងឲ្យមនុស្សស្គាល់ឈ្មោះដ៏បរិសុទ្ធរបស់អញនៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញក៏មិនឲ្យឈ្មោះបរិសុទ្ធរបស់អញត្រូវបង្អាប់ទៀត ដូច្នេះអស់ទាំងសាសន៍នឹងដឹងថា អញជាព្រះយេហូវ៉ាគឺជាព្រះដ៏បរិសុទ្ធនៅក្នុងពួកអ៊ីស្រាអែល ››។ ទ្រង់បានរើស សាសន៍អ៊ីស្រាអែល ដើម្បីបង្រៀនគេឱ្យស្គាល់ ហើយជឿដល់ទ្រង់ ដោយមិនឱ្យគេ បានឃើញអង្គទ្រង់ឡើយ។ ទ្រង់បានដាក់ទោស ធ្វើទណ្ឌកម្មគេ នៅពេលដែលគេ បានប្រព្រឹត្ដបាប ហើយបែកចិត្ដឆ្ងាយពីទ្រង់។
ដូច្នេះគម្ពីរសញ្ញាចាស់ បានបង្ហាញពីលក្ខណសម្បត្ដិ របស់ព្រះយេហូវ៉ា និស្ស័យជាព្រះពិតបា្រកដ គឺទ្រង់ជាព្រះអទិករ មានគ្រប់ទាំងអំណាចចេស្ដា បង្កើតរបស់សព្វសារពើរ ទ្រង់ជាព្រះដែលមានសច្ចៈភាព បរិសុទ្ធ យុតិធម៌ ឥតលំអៀង។
ចំណែកឯព្រះគម្ពីរ សញ្ញាថ្មីវិញ បានបង្ហាញពី លក្ខណៈសម្បត្ដិ របស់ទ្រង់ម្ខាងទៀត គឺទ្រង់មានរូបសម្បត្ដិដូចមនុស្ស ដើម្បីសរបញ្ជាក់ថា ទ្រង់បានបង្កើតមនុស្សមក ឱ្យចំនឹងអង្គទ្រង់នោះឯង ក៏បានបង្ហាញអំពី សេចក្ដីស្រឡាញ់ ដ៏ពោរពេញរបស់ព្រះ ដល់មនុស្ស គឺការសុគត នៅលើឈើឆ្កាង ដើម្បីបង់ថ្លៃបាប ប្រទានជីវិត អស់កល្ប ដល់គ្រប់ទាំងមនុស្ស ដែលបានជឿ ស្រឡាញ់ទុកចិត្ដដល់ទ្រង់ នេះគឺដើម្បីបំពេញ គម្រោងការសង្គ្រោះរបស់ព្រះ ដែលមានក្នុងព្រះគម្ពីរ សញ្ញាចាស់នោះឯង។ តាមពិតព្រះទ្រង់ ខ្ញាល់នឹងក្រោធ តែជាមួយនឹងមនុស្ស ដែលមានអំពើបាបប៉ុណ្ណោះ ព្រោះទ្រង់ជាព្រះដ៏បរិសុទ្ធ។
សូមព្រះទ្រង់ប្រទានពរ
ដោយក្រុមជំនុំសហគមន៍ខ្មែរ